នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសយ៉ាងដាច់អហង្ការថា លោកលែងចង់បន្តការអត់ធ្មត់ជាមួយអ៊ីរ៉ង់ទៀតហើយ។ ការលើកឡើងនេះ ធ្វើឡើងក្នុងរាជធានីប៉េកាំង ក្នុងជំនួបកំពូលជាមួយមេដឹកនាំចិន លោក ស៊ី ជិនពីង។

មេដឹកនាំមហាអំណាចទាំងពីរបានឯកភាពគ្នាថា មិនត្រូវអនុញ្ញាតឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរជាដាច់ខាត ហើយទាមទារឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ឡើងវិញជាបន្ទាន់។ លោក ត្រាំ បានទម្លាយថា ចិនបានសន្យានឹងមិនបញ្ជូនគ្រឿងបរិក្ខារយោធាទៅឱ្យអ៊ីរ៉ង់ឡើយ ព្រមទាំងមានបំណងទិញប្រេងពីអាមេរិកបន្ថែមទៀត។
ទោះយ៉ាងណា ការចរចានៅតែជាប់គាំង ដោយអ៊ីរ៉ង់នៅតែរឹងទទឹងមិនព្រមបោះបង់កម្មវិធីនុយក្លេអ៊ែរ ហើយថែមទាំងទាមទារឱ្យអាមេរិកលើកលែងទណ្ឌកម្ម និងសងការខូចខាតសង្គ្រាមទៀតផង។ សង្គ្រាមនេះ បានរាលដាលដល់ប្រទេសលីបង់ ខណៈមន្ត្រីយោធាអាមេរិកបារម្ភថា អ៊ីរ៉ង់នៅតែមានមីស៊ីល និងដ្រូនទំនើបៗត្រៀមគំរាមកំហែងពិភពលោក៕
