ខេត្ត Phetchabun ភាគខាងជើងប្រទេសថៃ បានប្រកាសអាសន្នអំពីគ្រោះទឹកជំនន់ និងបាក់ដីធ្ងន់ធ្ងរ ដោយសារឥទ្ធិពលព្យុះភ្លៀងដែលវាយប្រហារនៅចុងសប្តាហ៍នេះ។

តាមការផ្សាយរបស់ The Nation កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានឲ្យខេត្តនេះប្រុងប្រយ័ត្នខ្ពស់ ជាពិសេសស្រុកចំនួន៣ គឺ Mueang Phetchabun, Lom Sak និង Wang Pong ដែលនឹងរងការវាយប្រហារធ្ងន់ធ្ងរដោយគ្រោះធម្មជាតិ។
អាជ្ញាធរប្រកាសថា តំបន់ខាងលើជាកន្លែងមានហានិភ័យខ្ពស់ ពលរដ្ឋត្រូវប្រយ័ត្នឲ្យមែនទែន ចំពោះបាតុភូតនានា រួមទាំងរន្ទះបាញ់ និងការបាក់ដីភ្នំផងដែរ។
ការព្រមាននេះកើតឡើង បន្ទាប់ពីនាយកដ្ឋានឧតុនិយមថៃ ទើបចេញសេចក្តីប្រកាសថា ព្យុះភ្លៀងថ្មីដែលមានកម្លាំងដ៏ខ្លាំងក្លា នឹងបោកបក់លើប្រទេសថៃដល់ថ្ងៃចន្ទ សប្តាហ៍ក្រោយ ប៉ះចំតំបន់ប៉ែកខាងជើង កណ្តាល ខាងកើត និងខាងត្បូង បង្កឲ្យមានជំនន់ទឹកភ្លៀង និងបាក់ដី ជាពិសេសតំបន់វាលទំនាប និងសហគមន៍នៅតាមជួរភ្នំតែម្តង។
បាតុភូតនេះគឺបណ្តាលមកពីប្រព័ន្ធសម្ពាធទាប ដែលនឹងធ្វើដំណើរទៅកាន់ភាគខាងលើនៃឈូងសមុទ្របេងហ្គាល់ ខណៈខ្យល់មូសុងនិរតីនឹងមានឥទ្ធិពលខ្លាំងជាងមុន មកលើសមុទ្រអាដាម៉ាន់ និងឈូងសមុទ្រថៃ។
អត្ថបទ៖ សុខ សុវណ្ណ
