ពិភពលោកកំពុងផ្ដោតការយកចិត្តទុកដាក់លើក្រុងប៉េកាំង ខណៈមានរបាយការណ៍ថា លោក វ៉្លាឌីមៀរ ពូទីន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅថ្ងៃទី២០ ឧសភាខាងមុខ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ស៊ី ជិនពីង បញ្ចប់កិច្ចពិភាក្សាយ៉ាងក្ដៅគគុកជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយថ្ងៃទី១៥ ឧសភា ដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃរបស់លោក ពូទីន ត្រូវបានគេមើលឃើញថាជាសកម្មភាពការទូតធម្មតារវាងវិមានក្រឹមឡាំង និងទីក្រុងប៉េកាំង។ យ៉ាងណាមិញ វាគឺជាដំណើរចេញក្រៅប្រទេសលើកដំបូងរបស់លោក ពូទីន ក្នុងឆ្នាំនេះ ដែលបញ្ជាក់ពីសម្ព័ន្ធភាពដ៏រឹងមាំរវាងចិន និងរុស្ស៊ី។
មហាអំណាចទាំងពីរនេះបានចាត់ទុកគ្នាទៅវិញទៅមកជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការប្រជែងជាមួយសណ្ដាប់ធ្នាប់ពិភពលោកដែលដឹកនាំដោយសហរដ្ឋអាមេរិក។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយ ចិនបានក្លាយជាបង្អែកសេដ្ឋកិច្ចដ៏ធំសម្រាប់រុស្ស៊ី ដោយទិញប្រេង និងលក់ទំនិញចាំបាច់នានា ជួយសម្រាលបន្ទុកពីទណ្ឌកម្មសេដ្ឋកិច្ចលោកខាងលិច។
លោក ស៊ី ជិនពីង ធ្លាប់បានប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងមូស្គូ ឱ្យកាន់តែស៊ីជម្រៅ។ រីឯលោក ពូទីន វិញ ក៏បានបង្ហើបថា លោកចង់ពិភាក្សាអំពីកិច្ចព្រមព្រៀងធំៗទាក់ទងនឹងហ្គាស ប្រេងកាត និងថាមពលនុយក្លេអ៊ែរ។ ដំណើរទស្សនកិច្ចដែលបន្តកន្ទុយពីជំនួបអាមេរិក-ចិននេះ កំពុងក្លាយជាចំណុចដៅនៃតុល្យភាពអំណាចពិភពលោក ដែលមនុស្សគ្រប់គ្នាកំពុងតាមដានមើលតួនាទីរបស់ចិនរវាងមិត្តចាស់រុស្ស៊ី និងគូប្រជែងអាមេរិក។

