ក្នុងជំនួបប្រវត្តិសាស្ត្ររវាងមេដឹកនាំមហាអំណាចកំពូលទាំងពីរនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី១៤ ឧសភា ២០២៦ ពិភពលោកបានតាមដានយ៉ាងដកដង្ហើមធំចំពោះសាច់រឿងដែលខុសគ្នាទាំងស្រុងរវាងមេដឹកនាំទាំងពីរ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលកំពុងជាប់ផុងក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់អស់រយៈពេលជាង១០សប្តាហ៍ បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបប្រធានាធិបតីចិន ស៊ី ជីនពីង។

នៅពេលបើកការសន្ទនា លោក ត្រាំ បានលើកសរសើរលោក ស៊ី ម្តងហើយម្តងទៀត ដោយហៅលោក ស៊ី ថាជា «មេដឹកនាំដ៏អស្ចារ្យ» និងជាមិត្តរបស់លោក។ លោក ត្រាំ ថែមទាំងបាននិយាយថា លោកមានកិត្តិយសដែលបានធ្វើជាមិត្តនឹងលោក ស៊ី ទៀតផង។
ផ្ទុយស្រឡះពីនេះ លោក ស៊ី ជីនពីង មិនបានសរសើរតបត្រាំវិញសូម្បីតែមួយម៉ាត់ឡើយ។ លោក ស៊ី បានលើកសំណួរត្រង់ៗទៅកាន់លោក ត្រាំ ថា៖ «ទំនាក់ទំនងចិន-អាមេរិក គឺជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតរបស់ពិភពលោក។ យើងត្រូវតែធ្វើឱ្យវាដំណើរការ ហើយកុំធ្វើឲ្យវាខូចឡើយ»។

លោក ស៊ី ក៏បានចោទជាសំណួរដែលធ្វើឲ្យលោក ត្រាំ ពិបាកឆ្លើយថា៖ «តើយើងអាចធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល និងនាំមកនូវស្ថិរភាពកាន់តែច្រើនដល់ពិភពលោកបានទេ? តើយើងអាចផ្តោតលើសុខុមាលភាពប្រជាជន និងអនាគតមនុស្សជាតិបានទេ?»។
ក្នុងជំនួបលើកដំបូងក្នុងរយៈពេល៩ឆ្នាំនេះ មេដឹកនាំទាំងពីរបានពិភាក្សាគ្នាលើប្រធានបទជាច្រើន ទាំងទ្វេភាគី តំបន់ និងពិភពលោក។ លោក ស៊ី បានថ្លែងថា លោក និងប្រធានាធិបតី ត្រាំ បានផ្លាស់ប្តូរយោបល់គ្នាយ៉ាងស៊ីជម្រៅ និងធ្វើឲ្យទំនាក់ទំនងមានស្ថិរភាពជាទូទៅ។
