បាងកក៖ ទោះបីជាមិនទាន់ផុតខែប្រាំងក៏ដោយ ក៏ប្រទេសថៃបានចេញការព្រមានជាបន្ទាន់ ឲ្យខេត្តចំនួន ៣៧ ប្រុងជើងការខ្ពស់ និងដាក់ខេត្តទាំងនោះចូលក្នុងបញ្ជីហានិភ័យនៃគ្រោះទឹកជំនន់ ដោយសារតែឥទ្ធិពលព្យុះភ្លៀងខ្លាំង ដែលនឹងបោកបក់នៅចុងសប្តាហ៍នេះ។
តាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋានឧតុនិយមថៃបានប្រកាសថា ខេត្តទាំង ៣៧ នេះប្រឈមនឹងគ្រោះទឹកជំនន់ខ្ពស់ ដែលបណ្តាលមកពីបម្រែបម្រួលនៃប្រព័ន្ធសម្ពាធទាបដ៏ខ្លាំងក្លាមួយ ពីឈូងសមុទ្របេងហ្គាល់ ឆ្ពោះទៅភាគខាងលើនៃឈូងសមុទ្រនេះ រួមផ្សំជាមួយនឹងការបង្កើនកម្លាំងនៃខ្យល់មូសុងនិរតី បោកបក់លើសមុទ្រអាដាម៉ាន់ និងឈូងសមុទ្រថៃ។
ខេត្តទាំងនោះរួមមាន៖ Mae Hong Son, Chiang Mai, Chiang Rai, Uthai Thani, Tak, Phetchabun, Phitsanulok, Kamphaeng Phet, Loei, Nong Khai, Bueng Kan, Nakhon Phanom, Udon Thani, Sakon Nakhon, Mukdahan, Ubon Ratchathani, Sa Kaeo, Rayong, Chanthaburi, Trat, Kanchanaburi, Ratchaburi, Phetchaburi, Chumphon, Surat Thani, Ranong, Nakhon Si Thammarat, Phatthalung, Songkhla, Phang Nga, Trang, Krabi, Phuket, Satun, Pattani, Yala និង Narathiwat។
ការព្រមាននេះកើតឡើងស្របពេលដែលថៃបានប្រកាសអាសន្នពីគ្រោះទឹកជំនន់ និងបាក់ដីធ្ងន់ធ្ងរនៅខេត្ត Phetchabun ភាគខាងជើងប្រទេសថែមទៀតផង។ នាយកដ្ឋានឧតុនិយមថៃបានចេញការព្រមានឲ្យខេត្តនេះប្រុងប្រយ័ត្នខ្ពស់ ជាពិសេសស្រុកចំនួន ៣ គឺ Mueang Phetchabun, Lom Sak និង Wang Pong ដែលនឹងរងការវាយប្រហារធ្ងន់ធ្ងរ។ អាជ្ញាធរបានប្រកាសឲ្យពលរដ្ឋត្រូវប្រយ័ត្នឲ្យមែនទែនចំពោះបាតុភូតនានា រួមទាំងរន្ទះបាញ់ និងការបាក់ដីភ្នំផងដែរ៕
