ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដំណើរត្រឡប់ទៅក្រុងវ៉ាស៊ីនតោនវិញហើយ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ នៅទីក្រុងប៉េកាំង ប្រទេសចិន។ យន្តហោះប្រធានាធិបតី Air Force One បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិប៉េកាំង នាថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦។
មុនពេលយាងចេញដំណើរ លោក ត្រាំ បានជជែកយ៉ាងកក់ក្តៅជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី។ ថ្លែងក្នុងជំនួបជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង កាលពីថ្ងៃសុក្រ លោក ត្រាំ បានលើកឡើងថា «នេះជាទស្សនកិច្ចដ៏អស្ចារ្យមួយ ហើយខ្ញុំគិតថាមានរឿងល្អៗជាច្រើនបានកើតឡើង»។
ទោះបីជាមេដឹកនាំទាំងពីរបានប្រកាសពីភាពជោគជ័យនៃដំណើរទស្សនកិច្ចក៏ដោយ ក៏ប្រភពពីទីក្រុងប៉េកាំងបានឲ្យដឹងថា ភាពខុសគ្នាលើបញ្ហាតៃវ៉ាន់ និងអ៊ីរ៉ង់ នៅតែជាចំណុចដែលត្រូវការពេលដោះស្រាយបន្ថែមទៀត។ កាលពីថ្ងៃព្រហស្បតិ៍ លោក ស៊ី បានដាស់តឿនលោក ត្រាំ ថា «ការដោះស្រាយបញ្ហាតៃវ៉ាន់មិនបានល្អ អាចរុញច្រានទំនាក់ទំនងចិន-អាមេរិក ទៅរកកន្លែងគ្រោះថ្នាក់»។
តាមការវិភាគរបស់អ្នកស្រី ប៉ាទ្រីស៊ីយ៉ា គីម អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកគោលនយោបាយការបរទេសនៃវិទ្យាស្ថាន Brookings លោក ស៊ី បានរៀបចំបដិសណ្ឋាកិច្ចកម្រិតខ្ពស់បំផុតសម្រាប់លោក ត្រាំ នៅទីក្រុងប៉េកាំង។ ប៉ុន្តែសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់បង្ហាញថា គោលដៅអាទិភាពរបស់មេដឹកនាំទាំងពីរនៅតែមានភាពខុសគ្នាឆ្ងាយដដែល៕
