ម្តាយវីរៈយុទ្ធជនពលី រំជួលចិត្តរហូតស្រក់ទឹកភ្នែក ពេលអភិបាលខេត្តនាំយកអំណោយថវិកាជូនដល់ផ្ទះ

ម្តាយវីរៈយុទ្ធជនពលី រំជួលចិត្តរហូតស្រក់ទឹកភ្នែក ពេលអភិបាលខេត្តនាំយកអំណោយថវិកាជូនដល់ផ្ទះ

ខេត្តកំពង់ចាម៖ ទឹកភ្នែកនៃក្តីរំជួលចិត្តបានស្រក់ចុះពីថ្ពាល់លោកយាយ វ៉ន អ៊ឹម អាយុ ៧៨ឆ្នាំ និងលោកតា សែម ស៊ីម អាយុ ៨០ឆ្នាំ ខណៈដែល ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដោយក្រុមការងារ បាននាំយកថវិកាសម្តេចតេជោ និងថវិការដ្ឋបាលខេត្ត រួមទាំងអំណោយជាច្រើនមកប្រគល់ជូនដល់គ្រួសារលោកយាយផ្ទាល់នៅរសៀលថ្ងៃទី ១៣ ឧសភា ២០២៦។

អភិបាលខេត្តជូនអំណោយ

លោកយាយវ៉ន អ៊ឹម ជាម្តាយរបស់វីរៈយុទ្ធជន ស៊ីម ម៉េងលី អាយុ ៤០ឆ្នាំ ជាកម្លាំងជួរមុខចំណុះកងពលលេខ ៦ ប្រចាំខេត្តឧត្តរមានជ័យ។ ក្នុងអំឡុងការបាញ់ប្រហារទប់ទល់ការឈ្លានពានរបស់ទ័ពថៃ គ្រាប់កាំភ្លើងបានហោះធ្លាក់ដូចទឹកភ្លៀង ប៉ុន្តែវីរៈយុទ្ធជនរូបនេះពុំបានរងរបួសសោះឡើយ។ គួរឱ្យអាណិតណាស់ ក្រោយមកគាត់បានស្លាប់ដោយសារជំងឺគាំងបេះដូង កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ២០២៦ ហើយអង្គភាពបានដឹកសពមកធ្វើបុណ្យនៅស្រុកកំណើត ភូមិទឹកចេញ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។

លោកយាយរំជួលចិត្ត

លោកយាយបានរំលឹកទាំងស្រក់ទឹកភ្នែកថា កូនប្រុសរបស់គាត់ជាកូនទី ៦ ក្នុងចំណោមបងប្អូន ៧ នាក់ បានបម្រើពលីជាទាហានអស់រយៈពេល ១៥ឆ្នាំ។ ក្នុងជីវិតគាត់ធ្លាប់មានប្រពន្ធ តែប្រពន្ធបែរជាមិនស្មោះត្រង់ ក៏ចាកចោលទៅ ទើបគាត់សុខចិត្តនៅពោះម៉ាយរហូត។

ថវិកាជូនគ្រួសារ

ជាក់ស្តែង នៅពេលកម្លាំងទ័ពថៃឈ្លានពានបូរណភាពទឹកដីកម្ពុជា កូនប្រុសគាត់តែងតែនៅប្រចាំសមរភូមិជួរមុខ ប្រាសាទតាក្របី និងប្រាសាទតាមាន់ ក្នុងខេត្តឧត្តរមានជ័យ។ មុនពេលចម្បាំងម្តងៗ កូនប្រុសតែងតែទូរសព្ទមកម្តាយឱ្យអុជធូបបន់ស្រន់ជានិច្ច។ គ្រាប់ប្លោងរបស់ទ័ពថៃធ្លាក់មកចំដើមឈើ អំបែងជះប្រសាច តែកូនគាត់សុខសប្បាយរហូត។

វីរៈយុទ្ធជន

ក្រោយពេលស្ថានការណ៍ព្រំដែនស្ងប់ស្ងាត់ កូនប្រុសរូបនេះចាប់ផ្តើមមិនស្រួលខ្លួន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ តែពុំទាន់ដល់ផងក៏ស្លាប់ដោយសារគាំងបេះដូងនៅថ្ងៃទី ១ ខែមេសា ឆ្នាំ២០២៦។ សពត្រូវបានរថយន្តអង្គភាពដឹកមកធ្វើបុណ្យនៅស្រុកកំណើត។

អំណោយជូនគ្រួសារ

ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា ដោយពិនិត្យឃើញស្ថានភាពជីវភាពលំបាករបស់លោកតា លោកយាយ ទើបបានសម្របសម្រួលឱ្យមេឃុំជួយធ្វើបណ្ណក្រីក្រជូន ដើម្បីងាយស្រួលទៅព្យាបាលនៅមន្ទីរពេទ្យដោយមិនចំណាយថវិកា។ អំណោយថវិកាដែលទទួលបាននេះ លោកយាយនឹងយកទៅទូទាត់សងថ្លៃជំពាក់បុណ្យសពកូនប្រុស និងទុកចាយវាយក្នុងគ្រួសារ ព្រោះលោកយាយនិងប្តីចាស់ណាស់ទៅហើយ រកអ្វីមិនកើតទេ។ អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ចំពោះឪពុកម្តាយវីរៈយុទ្ធជនជួរមុខដែលបានពលីក្នុងបុព្វហេតុការពារជាតិ។

administrator

Related Articles