ខ្យល់ព្យុះដ៏កាចសាហាវ​ឆក់យកជីវិតមនុស្ស១១១នាក់​ក្នុងរដ្ឋឥណ្ឌា Uttar Pradesh

ខ្យល់ព្យុះដ៏កាចសាហាវ​ឆក់យកជីវិតមនុស្ស១១១នាក់​ក្នុងរដ្ឋឥណ្ឌា Uttar Pradesh

ខ្យល់ព្យុះដ៏សាហាវព្រៃផ្សៃមួយ​បានវាយលុកចូលទៅកាន់រដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា​ក្នុងសប្តាហ៍នេះ​ដោយបានឆក់យកជីវិតមនុស្សរហូតដល់ទៅ ១១១នាក់​ឯង។

រូបភាពព្យុះ

យោងតាមការផ្សាយរបស់ AFP នៅថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ ព្យុះកំណាចនេះ បានបោកសន្ធាប់លើប្រទេសឥណ្ឌា តាំងតែពីថ្ងៃពុធមកម្ល៉េះ ដោយបង្កទាំងជាបាតុភូតផ្គររន្ទះផងដែរ។

វានាំមកជាមួយនូវកម្លាំងខ្យល់បក់ខ្លាំង បោកបំប៉ើងដំបូលផ្ទះ បំបាក់ដើមឈើធំៗ និងផ្តួលរំលំបង្គោលភ្លើង បណ្តាលឲ្យដាច់ចរន្តអគ្គិសនី ចំពោះពលរដ្ឋរាប់ម៉ឺននាក់។

យោងតាមសេវាសង្គ្រោះឥណ្ឌា តួលេខមនុស្សបាត់បង់ជីវិតក្នុងរដ្ឋ Uttar Pradesh គិតត្រឹមរសៀលថ្ងៃសុក្រ គឺមាន ១១១នាក់ ខណៈ ៧២នាក់ រងរបួស។ មិនត្រឹមប៉ុណ្ណឹង ព្យុះបានបំផ្លាញផ្ទះជាង ២០០ខ្នង ព្រមទាំងបង្កការខូចខាតដល់សំណង់នានា រួមទាំងសាលារៀន ស្ពាន និងផ្លូវថ្នល់ផងដែរ។

សូមជម្រាបថា រដ្ឋ Uttar Pradesh មានប្រជាជនជាង ២៤០លាននាក់ ត្រូវរងការវាយប្រហារយ៉ាងញឹកញាប់ ដោយខ្យល់ព្យុះក្នុងអំឡុងរដូវក្តៅ មុនពេលមានភ្លៀងធ្លាក់ក្នុងរដូវមូសុង។ ជារៀងរាល់ឆ្នាំ រដ្ឋនេះតែងមានមនុស្សស្លាប់ខ្ទង់រយនាក់ ដោយសារតែឥទ្ធិពលព្យុះសាហាវៗ៕

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles