ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានយ៉ាងខ្លាំងដល់តៃវ៉ាន់ កុំឱ្យប្រកាសឯករាជ្យ ខណៈលោកសង្ស័យថាតើអាមេរិកគួរប្រថុយនឹងជម្លោះយោធាដ៏ធំមួយនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រដើម្បីការពារកោះនេះឬទេ។
បន្ទាប់ពីបញ្ចប់ជំនួបកំពូលរយៈពេលពីរថ្ងៃនៅទីក្រុងប៉េកាំងជាមួយមេដឹកនាំចិន លោក ស៊ី ជីនភីង កាលពីថ្ងៃទី១៥ ឧសភា លោក ត្រាំ បានផ្តល់បទសម្ភាសន៍ជាមួយ Fox News ដោយផ្ញើសារយ៉ាងដាច់ដាច់ទៅកាន់ទីក្រុងតៃប៉ិ។

«ខ្ញុំមិនចង់ឱ្យអ្នកណាម្នាក់និយាយថា តោះ! ពួកយើងប្រកាសឯករាជ្យទៅ ព្រោះអាមេរិកនៅខាងក្រោយយើងស្រាប់ហើយ នោះទេ» លោក ត្រាំ បានបញ្ជាក់។ លោកបន្ថែមថា អាមេរិកត្រូវធ្វើដំណើររហូតដល់ ៩ ៥០០ម៉ាយ ដើម្បីទៅចូលរួមក្នុងសង្គ្រាមដែលលោកមិនចង់បាននោះទេ។
ការថ្លែងនេះធ្វើឡើងបន្ទាប់ពីលោក ស៊ី ជីនភីង បានដាក់សម្ពាធផ្ទាល់ ដោយចាត់ទុកបញ្ហាតៃវ៉ាន់ជាបញ្ហាសំខាន់បំផុតក្នុងទំនាក់ទំនងចិន-អាមេរិក។ លោក ស៊ី បានព្រមានថា កំហុសណាមួយលើបញ្ហានេះអាចរុញច្រានមហាអំណាចទាំងពីរឱ្យប្រឈមមុខគ្នាដោយផ្ទាល់។
ជំនួបកំពូលនេះក៏ធ្វើឱ្យកិច្ចព្រមព្រៀងលក់អាវុធទំហំទឹកប្រាក់ពី ១១ ទៅ ១៤ប៊ីលានដុល្លារទៅឱ្យតៃវ៉ាន់ធ្លាក់ក្នុងភាពមិនច្បាស់លាស់ បន្ទាប់ពីលោក ត្រាំ ប្រកាសថាកំពុងពិនិត្យឡើងវិញ។
មន្ត្រីតៃវ៉ាន់បានរក្សាភាពស្ងប់ស្ងាត់ ដោយរដ្ឋមន្ត្រីការបរទេស លីន ជៀឡុង បានពណ៌នាតៃវ៉ាន់ថាជា «អ្នកការពារសន្តិភាព និងស្ថិរភាព» និងបដិសេធការចោទថាតៃវ៉ាន់ជាអ្នកបង្កជម្លោះ។
