វិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោកកំពុងកើតឡើងនៅប្រទេសស៊ូដង់ បន្ទាប់ពីសង្គ្រាមស៊ីវិលអូសបន្លាយរយៈពេលបីឆ្នាំ បានធ្វើឱ្យប្រជាជនជាង ៤០% ពោលគឺជិត ១៩,៥ លាននាក់ កំពុងប្រឈមមុខនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ។

យោងតាមរបាយការណ៍របស់អង្គការចាត់ថ្នាក់សន្តិសុខស្បៀង (IPC) ដែលគាំទ្រដោយអង្គការសហប្រជាជាតិ បានឱ្យដឹងថា សង្គ្រាមរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងក្រុមកងកម្លាំងគាំទ្ររហ័ស (RSF) បានសម្លាប់មនុស្សរាប់រយពាន់នាក់ និងបង្ខំឱ្យប្រជាជនរាប់លាននាក់ភៀសខ្លួនបាត់បង់ទីជម្រក។

របាយការណ៍បញ្ជាក់ថា តំបន់ចំនួន ១៤ នៅក្នុងរដ្ឋ North Darfur, South Darfur និង South Kordofan នៅតែប្រឈមនឹងហានិភ័យនៃទុរ្ភិក្ស ដោយមានមនុស្ស ១៣៥,០០០ នាក់ កំពុងប្រឈមនឹងកម្រិតភាពអត់ឃ្លានខ្លាំងបំផុត។

លោកស្រី Grace Oongee មកពីក្រុមប្រឹក្សាជនភៀសខ្លួនន័រវេស បានព្រមានថា គ្រួសារនានាត្រូវបានបង្ខំឱ្យប្រើយន្តការស៊ូទ្រាំដ៏អាក្រក់ ដូចជាការហូបស្លឹកឈើ ចំណីសត្វ និងសូម្បីតែលួចយកស្បែកសត្វពីកន្លែងសម្លាប់សត្វដែលបិទទ្វារមកបរិភោគដើម្បីរស់។
លោកស្រីព្រមានថា កង្វះខាតទាំងអាហារ និងមណ្ឌលសុខភាព នឹងនាំឱ្យមនុស្សជាច្រើនស្លាប់។ លើសពីនេះ កុមារប្រមាណ ៨២៥,០០០ នាក់ នឹងទទួលរងពីកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ដោយសារភាពអសន្តិសុខ និងការកាត់បន្ថយថវិកាជំនួយធ្វើឱ្យការដឹកជញ្ជូនជំនួយទៅកាន់តំបន់ជាច្រើនមានការលំបាក។
