ក្រសួងការបរទេសចិននៅថ្ងៃសុក្រទី១៥ ឧសភា បានជំរុញឱ្យមានការបើកច្រកសមុទ្រហ័រមូហ្សឡើងវិញ ដែលជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នដ៏សំខាន់ ខណៈជំនួបរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំងបានបិទបញ្ចប់ជាផ្លូវការ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្រសួងបាននិយាយក្នុងសេចក្ដីថ្លែងការណ៍ ដោយមិននិយាយចំឈ្មោះច្រកហ័រមូហ្សថា៖ «ផ្លូវដឹកជញ្ជូន គួរតែបើកឡើងវិញឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដោយឆ្លើយតបទៅនឹងការអំពាវនាវរបស់សហគមន៍អន្តរជាតិ និងរួមគ្នារក្សាស្ថិរភាព ក៏ដូចជាលំហូរដ៏រលូននៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល»។
គួរគូសបញ្ជាក់ថា នាវាចរណ៍កាត់តាមច្រកសមុទ្រហ័រមូហ្ស ដែលដឹកជញ្ជូនទំនិញសំខាន់ៗចេញចូលតំបន់មជ្ឈិមបូព៌ា និងរួមចំណែកដល់លំហូរប្រេង និងឧស្ម័ន ១/៥ នៃតម្រូវការពិភពលោក ត្រូវបានជាប់គាំងស្ទើរតែទាំងស្រុង តាំងពីជម្លោះអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ផ្ទុះឡើង។ បច្ចុប្បន្ន អ៊ីរ៉ង់ និងអាមេរិក បិទខ្ទប់ច្រកផ្លូវសំខាន់មួយនេះរៀងៗខ្លួន។
យ៉ាងណាមិញ ក្នុងសេចក្ដីថ្លែងការណ៍នាថ្ងៃសុក្រនេះ ក្រសួងការបរទេសចិនបាននិយាយថា៖ «ជម្លោះនេះ មិនគួរកើតឡើងឡើយ គ្មានហេតុផលដើម្បីបន្តទៅមុខទៀតឡើយ»។ ចិនជំរុញឱ្យបញ្ចប់ជម្លោះ ដោយថា ការស្វែងរកដំណោះស្រាយឱ្យបានឆាប់ គឺមានប្រយោជន៍សម្រាប់ទាំងអាមេរិក អ៊ីរ៉ង់ និងពិភពលោកទាំងមូល។
ក្រសួងការបរទេសបានបន្តថា៖ «ចិនតែងតែទទូចថា ការសន្ទនា និងការចរចាគឺជាផ្លូវត្រឹមត្រូវ ហើយដំណោះស្រាយយោធាមិនមែនជាមធ្យោបាយឆ្ពោះទៅមុខនោះទេ។ ឥឡូវនេះ ទ្វារនៃការសន្ទនាត្រូវបានបើកហើយ វាមិនគួរបិទម្តងទៀតទេ»។
