អាមេរិកអនុញ្ញាត Nvidia លក់ឈីប H200 ដល់ក្រុមហ៊ុនចិន១០ តែទីក្រុងប៉េកាំងនៅស្ទាក់ស្ទើរ

អាមេរិកអនុញ្ញាត Nvidia លក់ឈីប H200 ដល់ក្រុមហ៊ុនចិន១០ តែទីក្រុងប៉េកាំងនៅស្ទាក់ស្ទើរ

សហរដ្ឋអាមេរិកបានបើកភ្លើងខៀវឱ្យក្រុមហ៊ុន Nvidia លក់បន្ទះឈីបទំនើប H200 ទៅឱ្យក្រុមហ៊ុនចិនប្រមាណ ១០ រួមមាន Alibaba, Tencent, ByteDance និង JD.com។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដោយស្រង់សម្ដីប្រភពមិនបញ្ចេញឈ្មោះ។

ទោះបីមានការអនុម័តបែបនេះក្ដី Nvidia មិនទាន់បានដឹកជញ្ជូនណាមួយទៅឱ្យចិននៅឡើយទេ ខណៈភាគីចិននៅតែប្រុងប្រយ័ត្នចំពោះការពឹងផ្អែកលើបច្ចេកវិទ្យាអាមេរិក ដោយងាកទៅពង្រឹងផលិតកម្មបន្ទះឈីបក្នុងស្រុក ជាពិសេសបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI)។

Nvidia Chip

សេចក្ដីរាយការណ៍ជុំវិញបញ្ហានេះ ធ្វើឡើងស្របពេលដែលនាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang បានធ្វើដំណើរទៅចិន ជាមួយគណៈប្រតិភូរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីជួបដោយផ្ទាល់មុខជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅសប្ដាហ៍នេះ។ ជំនួបត្រាំ-ស៊ី ត្រូវបានគេមើលឃើញថាអាចជួយបន្ធូរភាពតានតឹងផ្នែកបច្ចេកវិទ្យារវាងគូប្រជែងទាំង២ ដែលអាចបើកឱកាសជាថ្មីសម្រាប់ Nvidia លើទីផ្សារចិន។

ប្រភពព័ត៌មានមិនបញ្ចេញឈ្មោះបានប្រាប់រ៉យទ័រថា ក្រុមហ៊ុនចិននីមួយៗអាចទិញបន្ទះឈីប H200 បានរហូតដល់ ៧៥,០០០ បន្ទះ ក្រោមលក្ខខណ្ឌត្រួតពិនិត្យរបស់អាមេរិក។ ទោះយ៉ាងណា រដ្ឋាភិបាលចិនកំពុងពិនិត្យយ៉ាងតឹងរឹង ព្រោះបារម្ភថាការនាំចូលឈីប Nvidia អាចធ្វើឱ្យចិនពឹងផ្អែកលើបច្ចេកវិទ្យាបរទេស និងប៉ះពាល់ដល់ការអភិវឌ្ឍឈីបក្នុងស្រុកដូចជាឈីបរបស់ Huawei ជាដើម។

លោក Jensen Huang ធ្លាប់ព្រមានថា ការរឹតបន្តឹងការនាំចេញរបស់អាមេរិកកំពុងធ្វើឱ្យ Nvidia បាត់បង់ទីផ្សារនៅចិន ដែលធ្លាប់មានចំណែករហូតដល់ ៩៥% នៃទីផ្សារឈីប AI ទំនើបកម្រិតខ្ពស់។

ថ្លែងក្នុងសវនាការព្រឹទ្ធសភាកាលពីខែមុន រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកលោក Howard Lutnick បាននិយាយថា៖ «រដ្ឋាភិបាលចិនមិនទាន់អនុញ្ញាតឱ្យក្រុមហ៊ុនខ្លួនទិញឈីបទាំងនេះនៅឡើយទេ ព្រោះពួកគេចង់ផ្តោតលើឧស្សាហកម្មក្នុងស្រុករបស់ខ្លួន»។ មែនទែនទៅ អាមេរិកបើកភ្លើងខៀវតាំងតែពីចុងឆ្នាំ ២០២៥ ប៉ុន្តែការបញ្ជាទិញ និងដឹកជញ្ជូននៅតែជាប់គាំងមកទល់ពេលនេះ។

គួរគូសបញ្ជាក់ថា មុនអាមេរិករឹតបន្តឹងការនាំចេញបន្ទះឈីបទៅចិនជាបន្តបន្ទាប់កាលពីប៉ុន្មានឆ្នាំមុន ក្រុមហ៊ុន Nvidia បានគ្រប់គ្រងប្រហែល ៩៥% នៃទីផ្សារបន្ទះឈីប AI ទំនើបរបស់ប្រទេសចិន ខណៈចិនរួមចំណែកប្រហែល ១៣% នៃប្រាក់ចំណូលសកលរបស់ Nvidia។ លោក Jensen Huang ពីមុនធ្លាប់បានប៉ាន់ប្រមាណថា ទីផ្សារ AI របស់ចិនតែមួយអាចមានតម្លៃ ៥០ ប៊ីលានដុល្លារនៅឆ្នាំ ២០២៥។

អាមេរិកបានបង្កើនការរឹតបន្តឹងកាន់តែខ្លាំងនៅដើមឆ្នាំ ២០២៥ ដោយសំអាងថាវិធានការរបស់ខ្លួនគឺដើម្បីពន្យឺតការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងយោធារបស់ចិន។ យ៉ាងណាមិញ ការរឹតបន្តឹងទាំងនេះបានពន្លឿនការជំរុញរបស់ចិនឱ្យពឹងផ្អែកលើខ្លួនឯងក្នុងវិស័យបន្ទះឈីប។ ក្រុមហ៊ុនចិនកំពុងវិនិយោគយ៉ាងច្រើនក្នុងការអភិវឌ្ឍបន្ទះឈីប AI ក្នុងស្រុក ដោយក្រុមហ៊ុនដូចជា Huawei លេចចេញជាជម្រើសក្នុងស្រុកដ៏សំខាន់ជំនួស Nvidia៕

administrator

Related Articles