កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ ពិភពលោកទាំងមូលបានសម្លឹងមើលទីក្រុងប៉េកាំង នៅពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំចិន ស៊ី ជិនពីង បានចាប់ដៃគ្នាជាថ្មី។ រាល់កាយវិការតូចតាចរបស់មេដឹកនាំទាំងពីរ សុទ្ធតែបង្ហាញពីឥទ្ធិពល និងការចង់ឈ្នះចង់ចាញ់រៀងៗខ្លួន។

យោងតាម NewsWeek លោក ត្រាំ តែងមានស្ទីលចាប់ទាញដៃគូឱ្យមកជិតខ្លួន ដើម្បីបង្ហាញអំណាច។ ប៉ុន្តែពេលជួប ស៊ី ជិនពីង លើកនេះ គាត់ប្រុងប្រយ័ត្នជាងមុន ហើយមិនប្រើស្ទីលចាប់ទាញដូចដែលគាត់ធ្លាប់ធ្វើដាក់ស្តេច ឆាលស៍ ទេ។ អ្នកជំនាញចិត្តសាស្ត្រលើកឡើងថា នេះមកពីលោក ត្រាំ ចាត់ទុក ស៊ី ជិនពីង ជាដៃគូស្មើអំណាច ទើបគាត់ជ្រើសរើសបង្ហាញភាពរាក់ទាក់ និងបើកចំហជាងមុន។
ចំណែក លោក ស៊ី ជិនពីង វិញ បានបង្ហាញភាពហ្មត់ចត់ខាងគ្រប់គ្រងអារម្មណ៍។ នៅពេល ត្រាំ ដើរចូលទៅរក លោក ស៊ី ហាក់ឈរនៅមួយកន្លែងដោយមិនអន្ទះអន្ទែង បង្ហាញរូបភាពថា ត្រាំ ជាអ្នកខិតខំបង្កើតទំនាក់ទំនងជាង។

ជំនួបនេះមិនមែនគ្រាន់តែជារឿងនយោបាយទេ ព្រោះវាជះឥទ្ធិពលដល់តម្លៃទំនិញ ការងារ និងសេដ្ឋកិច្ចពិភពលោក។ លោក ស៊ី ជិនពីង បានថ្លែងថា អាមេរិក និងចិនគួរធ្វើជាដៃគូ មិនមែនសត្រូវទេ។ ចំណែក ត្រាំ រំពឹងថាជំនួបនេះនឹងក្លាយជាជំនួបកំពូលដ៏អស្ចារ្យបំផុត។
ទោះពាក្យសម្ដីស្និទ្ធស្នាល ប៉ុន្តែកាយវិការបង្ហាញថា ត្រាំ បានជួបគូប្រកួតដ៏សក្តិសមហើយ។ លទ្ធផលជំនួបនេះនឹងកំណត់វាសនាសេដ្ឋកិច្ច ទីផ្សារការងារ និងស្ថិរភាពពិភពលោកនាពេលខាងមុខ។
