នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន AFP នៅទីក្រុង Vilnius កាលពីថ្ងៃទី១៤ ខែឧសភា រដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Kestutis Budrys បានរិះគន់ចំៗដល់បណ្តាប្រទេសមួយចំនួននៅអឺរ៉ុប ដែលមិនបានចំណាយថវិកាគ្រប់គ្រាន់ ដើម្បីគាំទ្រអ៊ុយក្រែន និងពង្រឹងអង្គការណាតូ។
លោក Budrys បានថ្លែងថា៖ «ខ្ញុំមិនឃើញមានផ្លូវណាផ្សេង ក្រៅពីការដើរទៅមុខជាមួយនឹងទំនាក់ទំនងក្នុងអង្គការណាតូដ៏រឹងមាំ ដើម្បីបង្ហាញថាយើងមានសាមគ្គីភាពគ្នានោះទេ»។ លោកបានបន្ថែមដោយសំដៅទៅលើបណ្តាប្រទេសនៅអឺរ៉ុបខាងត្បូង តែមិនបញ្ជាក់ឈ្មោះចំៗថា៖ «យើងឃើញថា មិនមែនគ្រប់ប្រទេសទាំងអស់នៅអឺរ៉ុប សុទ្ធតែបានយកចិត្តទុកដាក់ខ្ពស់ចំពោះការទទួលខុសត្រូវនេះទេ»។

ស្ថិតនៅខ្សែត្រៀមជួរមុខភាគខាងកើតរបស់ណាតូ លីទុយអានីបានក្លាយជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតមួយរបស់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីក្នុងឆ្នាំ២០២២។ ប្រទេសបាល់ទិកដែលធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់សហភាពសូវៀតមួយនេះ បានវិនិយោគរហូតដល់ ៥.៤% នៃ GDP របស់ខ្លួនទៅលើវិស័យការពារជាតិ ដែលខ្ពស់ជាងគោលដៅ ៥% របស់ណាតូ។
លោក Budrys បានថ្លែងថា៖ «កញ្ចប់ថវិកាដែលយើងកំពុងចំណាយនេះ គឺមានទំហំធំបំផុតនៅក្នុងចំណោមសមាជិកណាតូទាំងអស់ និងនៅក្នុងពិភពលោកសេរីទាំងមូល»។
កាលពីដើមសប្តាហ៍នេះ មេបញ្ជាការកំពូលរបស់ណាតូ ឧត្តមសេនីយ៍ Alexus Grynkewich នៃកងទ័ពអាកាសអាមេរិក បានកោតសរសើរលីទុយអានីថាជា «គំរូដ៏អស្ចារ្យមួយដែលគួររៀនសូត្រតាម» ជុំវិញការរួមចំណែកលើវិស័យការពារជាតិ។
លីទុយអានីបានក្លាយជាប្រទេសទីពីរបន្ទាប់ពីប៉ូឡូញ ក្នុងការចុះហត្ថលេខាលើកម្មវិធីកម្ចីរបស់អឺរ៉ុប ដោយបែងចែកថវិកាជាង ៦.៣ ពាន់លានអឺរ៉ូ (៧.៣៥ ពាន់លានដុល្លារ) ទៅឲ្យវិស័យយោធារបស់ខ្លួន និងអនុញ្ញាតឲ្យមានការដាក់ពង្រាយកងពលតូចទ័ពអាល្លឺម៉ង់ចំនួន ៤,៨០០ នាក់ជាអចិន្ត្រៃយ៍នៅលើទឹកដីរបស់ខ្លួន។
ទោះជាយ៉ាងណា លោក Budrys បានសង្កត់ធ្ងន់ថា សកម្មភាពទាំងនេះមិនអាចជំនួសសម្ព័ន្ធភាពឆ្លងមហាសមុទ្រអាត្លង់ទិកបានឡើយ។ វិធានការសន្តិសុខអឺរ៉ុបគឺ «ជាធាតុផ្សំដ៏សំខាន់មួយក្នុងការបំពេញបន្ថែមឲ្យណាតូ ប៉ុន្តែមិនមែនជាការមកជំនួសណាតូនោះទេ»៕
