អ៊ុយក្រែនបាននាំយកទាហានចំនួន ២០៥នាក់ ពីប្រទេសរុស្ស៊ីមកមាតុភូមិវិញ ក្រោយការចាប់ខ្លួនអស់ជិត៤ឆ្នាំ ដែលនេះជាផ្នែកមួយនៃដំណាក់កាលដំបូងនៃការផ្លាស់ប្តូរទាហាន ១០០០ ទល់នឹង ១០០០ ជាមួយរុស្ស៊ី។
យោងតាមភ្នាក់ងារសារព័ត៌មានរ៉យទ័រ និងសារព័ត៌មានផ្សេងទៀត ចុះផ្សាយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សមាជិកយោធាដែលត្រូវបានដោះលែងរួមមានទាហាន ពលបាលឯក និងមន្ត្រីការពារទីក្រុង Mariupol តំបន់ Azovstal និងតំបន់ជួរមុខជាច្រើនចាប់តាំងពីឆ្នាំ ២០២២។

ប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី ថា ទាហានអ៊ុយក្រែនចំនួន ២០៥នាក់ បានត្រឡប់ពីប្រទេសរុស្ស៊ីវិញនៅថ្ងៃសុក្រ ទី១៥ ខែឧសភា ក្នុងដំណាក់កាលដំបូងនៃការផ្លាស់ប្តូរទាហាន ១០០០នាក់ជាមួយរុស្ស៊ី ដែលបានគ្រោងទុក។
យោងតាមគេហទំព័រផ្លូវការរបស់ លោក ហ្សេលេនស្គី ទាហានដែលត្រូវបានដោះលែងរួមមានសមាជិកកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ឆ្មាំជាតិ និងសេវាឆ្មាំព្រំដែនរដ្ឋ។ លោកបន្តថា៖ « នេះជាដំណាក់កាលដំបូងនៃការដោះដូរទាហាន ១០០០ ទល់នឹង ១០០០ »។

ទីស្នាក់ការកណ្តាលសម្របសម្រួលអ្នកទោសសង្គ្រាមរបស់អ៊ុយក្រែន ថា ការដោះដូរនេះត្រូវបានអនុវត្តក្រោមកិច្ចព្រមព្រៀងដែលសម្រេចបានជាមួយនឹងការសម្របសម្រួលរបស់សហរដ្ឋអាមេរិក។
ការដោះដូរនេះបម្រើជាលក្ខខណ្ឌជាមុនសម្រាប់កិច្ចព្រមព្រៀងរបស់ទីក្រុងកៀវ ចំពោះបទឈប់បាញ់ឯកតោភាគីរបស់ទីក្រុងមូស្គូចាប់ពីថ្ងៃទី ៩ ដល់ ថ្ងៃទី១១ ខែឧសភា ទោះបីជាភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភលើបទឈប់បាញ់រយៈពេលបីថ្ងៃ និងពន្យារពេលការដោះដូរអ្នកទោសក៏ដោយ។
