រដ្ឋបាល លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងប្រគល់កញ្ចប់ថវិកាបន្ថែមចំនួន ១.៨ពាន់លានដុល្លារ សម្រាប់ជំនួយមនុស្សធម៌ដល់អង្គការសហប្រជាជាតិ (UN) ជាទ្រព្យបម្រុងសម្រាប់ជំនួយសង្គ្រោះជីវិតដល់ជនរងគ្រោះពីមហន្តរាយធម្មជាតិ ទុរ្ភិក្ស និងមនុស្សដែលត្រូវការជំនួយខ្លាំង បើទោះជាអាមេរិកបានកាត់បន្ថយជំនួយបរទេសជារួមក៏ដោយ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន AP ផ្សាយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ថវិកានេះនឹងត្រូវបែងចែកក្នុងរយៈពេលមួយឆ្នាំខាងមុខ បន្ថែមលើថវិកា ២ពាន់លានដុល្លារដែលរដ្ឋបាល ត្រាំ បានសន្យាកាលពីខែធ្នូ។
លោក Mike Waltz ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ UN បានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា៖ «មូលនិធិថ្មីនេះ គ្រាន់តែជាជំហានចុងក្រោយបំផុតប៉ុណ្ណោះ»។
ការចូលរួមវិភាគទានថ្មីនេះ បាននាំមកនូវការគាំទ្រសរុបរបស់អាមេរិកសម្រាប់កម្មវិធីមនុស្សធម៌របស់ UN ដល់ ៣.៨ពាន់លានដុល្លារ នៅទូទាំង ២១ ប្រទេស។ ក្រសួងការបរទេសអាមេរិកបានឱ្យដឹងថា ថវិកានេះនឹងផ្តល់អាទិភាពដល់គម្រោងក្នុងស្រុក ជួយដល់ប្រជាជនងាយរងគ្រោះបំផុត។
ក្រសួងបន្ថែមថា ការចូលរួមវិភាគទានដំបូងបានផ្តល់ជំនួយសង្គ្រោះដល់មនុស្ស ២១.១លាននាក់ លឿនជាងមុន មានប្រសិទ្ធភាពជាងមុន និងផ្តោតលើអ្នកដែលត្រូវការបំផុតក្នុងរយៈពេលតិចជាងបួនខែ។
យ៉ាងណាក៏ដោយ ចំនួនទឹកប្រាក់នេះគ្រាន់តែជាមួយភាគតូចប៉ុណ្ណោះ បើធៀបនឹងអ្វីដែលអាមេរិកធ្លាប់បានចូលរួមវិភាគទានកាលពីអតីតកាល ហើយឆ្លុះបញ្ចាំងថារដ្ឋបាល ត្រាំ នៅតែជឿថាចំនួនទឹកប្រាក់នេះនឹងរក្សាតំណែងអាមេរិកក្នុងនាមជាអ្នកបរិច្ចាគមនុស្សធម៌ធំជាងគេបំផុតរបស់ពិភពលោក។
គួរបញ្ជាក់ថា រដ្ឋបាល លោក ត្រាំ ធ្លាប់បានកាត់បន្ថយជំនួយបរទេសរបស់អាមេរិករាប់លានដុល្លារ ធ្វើឱ្យទីភ្នាក់ងារ UN កាត់បន្ថយការចំណាយ គម្រោងជំនួយ និងការងាររាប់ពាន់កន្លែង។
