បន្ទាប់ពីការចរចាដ៏តានតឹងជាច្រើនសប្តាហ៍នៅទីក្រុងវ៉ាស៊ីនតោន ក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក អ៊ីស្រាអែល និងលីបង់ បានឈានដល់កិច្ចព្រមព្រៀងថ្មីមួយ ក្នុងការពន្យារពេលបទឈប់បាញ់បន្ថែម ៤៥ថ្ងៃទៀត ខណៈកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពយូរអង្វែងនៅតែបន្ត។
ក្រសួងការបរទេសអាមេរិក បានពណ៌នាកិច្ចចរចានេះថា មានលក្ខណៈ «វិជ្ជមាន និងទទួលបានផ្លែផ្កា» ខណៈដែលក្រុមអ្នកការទូតកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីទប់ស្កាត់កុំឱ្យមានការផ្ទុះសង្រ្គាមឡើងវិញ រវាងកងទ័ពអ៊ីស្រាអែល និងក្រុមហេសប៊ូឡា (Hezbollah) ដែលគាំទ្រដោយអ៊ីរ៉ង់។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) បានរាយការណ៍កាលពីថ្ងៃទី១៥ ខែឧសភាថា កិច្ចព្រមព្រៀងនេះ ធ្វើឡើងបន្ទាប់ពីការចរចាអស់រាប់សប្តាហ៍ រវាងមន្ត្រីអាមេរិក អ៊ីស្រាអែល និងលីបង់ ក្នុងគោលបំណងរក្សាស្ថិរភាពនៅតាមបណ្តោយព្រំដែន។ ជម្លោះនេះបានរីករាលដាលយ៉ាងខ្លាំងកាលពីដើមឆ្នាំ២០២៦ ពេលដែលក្រុមហេសប៊ូឡាបានបើកការវាយប្រហារ បង្កឲ្យអ៊ីស្រាអែលវាយបកវិញយ៉ាងខ្លាំងក្លា។
គួររំលឹកថា បទឈប់បាញ់រយៈពេល ១០ថ្ងៃដំបូង ដែលសម្របសម្រួលដោយអាមេរិក បានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី១៦ ខែមេសា។ បន្ទាប់មក លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសពន្យារពេល ៣សប្តាហ៍បន្ថែមទៀត ប៉ុន្តែអំពើហិង្សានៅតែបន្តកើតមាន ដោយភាគីទាំងពីរចោទប្រកាន់គ្នាទៅវិញទៅមក។
យោងតាមរបាយការណ៍ សង្រ្គាមនេះ បានបណ្តាលឲ្យមនុស្សជិត ២ ៩០០នាក់ស្លាប់នៅលីបង់ និងប្រជាពលរដ្ឋជាង ១លាននាក់ត្រូវភៀសខ្លួន។ លោកនាយករដ្ឋមន្ត្រីលីបង់ Nawaf Salam អំពាវនាវឲ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការដកទ័ពអ៊ីស្រាអែលចេញពីភាគខាងត្បូងលីបង់។ ការពន្យារពេល ៤៥ថ្ងៃថ្មីនេះ គឺដើម្បីរក្សាភាពស្ងប់ស្ងាត់ជាបណ្តោះអាសន្ន ខណៈអ្នកចរចាអាមេរិកបន្តធ្វើការដើម្បីឈានទៅរកកិច្ចព្រមព្រៀងមួយ ក្នុងគោលបំណងបញ្ចប់ជម្លោះទាំងស្រុង និងការពារសង្រ្គាមរាលដាលពេញតំបន់មជ្ឈិមបូព៌ា។
