UAE ប្រកាសដាច់អហង្ការបដិសេធការចោទប្រកាន់របស់អ៊ីរ៉ង់នៅក្នុងកិច្ចប្រជុំ BRICS

UAE ប្រកាសដាច់អហង្ការបដិសេធការចោទប្រកាន់របស់អ៊ីរ៉ង់នៅក្នុងកិច្ចប្រជុំ BRICS

សហរដ្ឋអារ៉ាប់រួម (UAE) បានចេញសេចក្តីថ្លែងការណ៍យ៉ាងដាច់អហង្ការកាលពីថ្ងៃសុក្រទី១៥ ខែឧសភា ដោយបានបដិសេធទាំងស្រុងចំពោះការចោទប្រកាន់របស់អ៊ីរ៉ង់ ជុំវិញករណី «ការវាយប្រហារភេរវកម្ម» ដែលបានកំណត់គោលដៅលើទឹកដីរបស់ខ្លួន និងបណ្តាប្រទេសដទៃទៀតនៅមជ្ឈិមបូព៌ា។

អ្នកស្រី សាង ស្រីល័ក្ខ ជាអ្នករាយការណ៍ពីសារព័ត៌មាន Emirates News Agency បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស BRICS ប្រចាំនៅឥណ្ឌា លោក Khalifa Shaheen Al Marar រដ្ឋមន្ត្រីរដ្ឋនៃ UAE បានសង្កត់ធ្ងន់ជាថ្មីអំពីការបដិសេធចំពោះរាល់ការចោទប្រកាន់ ឬការគំរាមកំហែងណាដែលប៉ះពាល់ដល់អធិបតេយ្យភាព សន្តិសុខជាតិ និងការសម្រេចចិត្តឯករាជ្យរបស់ UAE។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស BRICS

លោក Al Marar បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា UAE រក្សាសិទ្ធិពេញលេញទាំងផ្នែកអធិបតេយ្យភាព ច្បាប់ ការទូត និងយោធា ដើម្បីឆ្លើយតបទៅនឹងរាល់ការគំរាមកំហែង ឬសកម្មភាពអរិភាពនានា។ លោកបានថ្លែងទៅកាន់សមាជិកប្លុក BRICS ថា៖ «ការប៉ុនប៉ងបង្ខិតបង្ខំ ការចោទប្រកាន់ខុស ឬការបំភាន់ដោយគំនិតអាក្រក់ នឹងមិនអាចធ្វើឲ្យរង្គោះរង្គើដល់ជំហររឹងមាំរបស់ UAE បានឡើយ»។

លោក Khalifa Shaheen Al Marar

តំណាងជាន់ខ្ពស់រូបនេះក៏បានព្រមានទៅវិញដែរថា UAE មិនមែនជាប្រទេសទន់ខ្សោយដែលត្រូវស្វែងរកការការពារពីបរទេសនោះទេ ពោលគឺរដ្ឋាភិបាលមានសមត្ថភាពការពារខ្លួន និងបូរណភាពទឹកដីយ៉ាងពេញលេញ។ ការអត្ថាធិប្បាយដ៏តឹងសរសៃកនេះ បានបង្ហាញពីភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា ចំពេលដែលអ៊ីរ៉ង់កំពុងរងការរិះគន់ពីបណ្តាប្រទេសជិតខាងជុំវិញការគាំទ្រដល់ក្រុមប្រដាប់អាវុធនៅក្នុងតំបន់។

ភាពតានតឹងនៅមជ្ឈិមបូព៌ា

administrator

Related Articles