កម្លាំងនគរបាលខេត្តស្វាយរៀង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត និងអយ្យការអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅតំបន់សកលផ្លាហ្សា ក្នុងក្រុងបាវិត កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១១១នាក់ ក្នុងនោះស្រី ១៤នាក់ មកពី ៦ សញ្ជាតិផ្សេងៗគ្នា រួមមាន៖ វៀតណាម ៥៩នាក់ (ស្រី ១១នាក់), ចិន ៣៦នាក់ (ស្រី ០២នាក់), ប៉ាគីស្ថាន ១៣នាក់ (ប្រុសសុទ្ធ), ថៃ ០១នាក់ (ស្រី), មីយ៉ាន់ម៉ា ០១នាក់ (ប្រុស) និងខ្មែរ ០១នាក់ (ប្រុស)។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជាពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង លោក ឡាយ ជុងហេង។

សមត្ថកិច្ចបានដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសជាច្រើនរួមមាន៖ កុំព្យូទ័រលើតុ All-In-One, ទូរសព្ទដៃ, កុំព្យូទ័រយួរដៃ, ម៉ាស៊ីនកុំព្យូទ័រ CPU, ម៉ូនីទ័រ, រថយន្ត, ម៉ូតូ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងទាំងអស់ ត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់។ ទីតាំងប្រព្រឹត្តិបទល្មើសត្រូវបានក្រុមការងារបិទស៊ីល និងបិទទីតាំងបណ្ដោះអាសន្ន។





