ខេត្តកំពត៖ កើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងដោយរថយន្តម៉ាក TOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CC-8965 បើកបរដោយជនជាតិចិន បានរេចង្កូតធ្លាក់ពីផ្លូវជាតិ រុលចូលមុខផ្ទះបុកស្ត្រីមានផ្ទៃពោះជិតគ្រប់ខែ កំពុងអង្គុយហូបបបរ បណ្តាលឲ្យរងរបួសធ្ងន់ និងបានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៥ និង ០៦ នាទីរសៀល លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ១៤៣-១៤៤ ស្ថិតក្នុងភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។ តាមប្រភពពីកន្លែងកើតហេតុឲ្យដឹងថា រថយន្តបើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតធ្លាក់ចេញពីផ្លូវជាតិ បុករះស្ត្រីរងគ្រោះ និងម៉ូតូមួយគ្រឿងដែលចតនៅមុខផ្ទះ បណ្តាលឲ្យខ្ទេចខ្ទី និងជ្រុលចូលបុកជញ្ជាំងផ្ទះទៀតផង។

សមត្ថកិច្ចចរាចរណ៍ស្រុកទឹកឈូ បានឲ្យដឹងថា អ្នកបើកបររថយន្តឈ្មោះ GAO GAUNJIN ភេទប្រុស ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EF4667935 និងបណ្ណបើកបរលេខ B.00337235 ស្នាក់នៅភូមិវាល ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រថយន្តបានបើកបរដោយខ្វះការប្រុងប្រយ័ត្ន និងធ្វេសប្រហែស។ ស្ត្រីរងគ្រោះឈ្មោះ ព្រំ វិជ្ជនី អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត រងរបួសធ្ងន់ ហើយបានស្លាប់បាត់បង់ជីវិតនៅពេលបញ្ជូនដល់មន្ទីរពេទ្យ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចចរាចរណ៍ស្រុកទឹកឈូ បានចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យ និងធ្វើការវាស់វែង។ វត្ថុតាងរួមមានរថយន្ត និងម៉ូតូចំនួន ០២ គ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទឹកឈូ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។ សពស្ត្រីរងគ្រោះ ក្រោយពីសមត្ថកិច្ចពិនិត្យរួចរាល់ បានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី។ រីឯជនបង្កអ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដោះស្រាយតាមផ្លូវច្បាប់។
