ប្រទេសអ៊ីរ៉ង់៖ របបអ៊ីរ៉ង់បន្តយុទ្ធនាការបង្ក្រាបពួកប្រឆាំងយ៉ាងខ្លាំងក្លា ដោយបានប្រហារជីវិតបុរសម្នាក់ទៀតពីបទចារកម្មឲ្យអ៊ីស្រាអែល ដែលជាលើកទី៣ហើយក្នុងរយៈពេលត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ។
តាមទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ MIZAN NEWS បានឲ្យដឹងថា បុរសអាយុ៣២ឆ្នាំឈ្មោះ EHSAN AFRASHTEH ត្រូវបានប្រហារជីវិតដោយព្យួរកកាលពីថ្ងៃទី១៣ ឧសភា។ ជនរងគ្រោះត្រូវបានចោទប្រកាន់ថាជាចារបុរសរបស់អ៊ីស្រាអែល ដោយបានទទួលការបណ្ដុះបណ្ដាលនៅប្រទេសនេប៉ាល់ពីភ្នាក់ងារចារកម្មអ៊ីស្រាអែល និងបានលក់ព័ត៌មានរសើបឲ្យអ៊ីស្រាអែល។

ដោយដកស្រង់សម្ដីសារភាពរបស់ជនរងគ្រោះ MIZAN NEWS អះអាងថា យុវបុរសរូបនេះបានធ្វើដំណើរទៅកាន់តួកគី និងនេប៉ាល់ ដើម្បីទទួលការបណ្ដុះបណ្ដាលផ្សេងៗ រួមមានការធ្វើរបាយការណ៍ ការវិភាគព័ត៌មានស៊ើបការណ៍ របៀបថតរូបជាសម្ងាត់ និងការបង្កើតប្រព័ន្ធគមនាគមន៍ដែលមានសន្តិសុខខ្ពស់។
ការប្រហារជីវិតថ្មីនេះជាលើកទី៣ក្នុងរយៈពេល៣ថ្ងៃ បានធ្វើឲ្យអង្គការពារសិទ្ធិមនុស្សចេញមុខប្រតិកម្មយ៉ាងខ្លាំង។ អង្គការទាំងនោះបានព្រមានពីការកើនឡើងនៃការប្រហារជីវិតអ្នកដែលត្រូវចោទប្រកាន់ពីបទចារកម្ម ការប្រើប្រាស់ការសារភាពដោយបង្ខំ និងនីតិវិធីតុលាការដែលខ្វះតុល្យភាព។
ការប្រហារជីវិត EHSAN AFRASHTEH ធ្វើឡើងបន្ទាប់ពីការព្យួរកអ្នកទោសនយោបាយជនជាតិភាគតិចម្នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០២២ ក្នុងក្របខណ្ឌនៃចលនានារី និងត្រឹមតែ៤៨ម៉ោងប៉ុណ្ណោះបន្ទាប់ពីការប្រហារជីវិតនិស្សិតម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទចារកម្មបម្រើអ៊ីស្រាអែល និងអាមេរិក៕
