ភ្ញាក់ផ្អើល! ជនសង្ស័យសង្ងំក្នុងឡានមន្ត្រីអគ្គិសនី ខ្ទប់មាត់ចង់ប្លន់ ត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញតាមរហូតបុករះរថយន្តដួលជាប់

ភ្ញាក់ផ្អើល! ជនសង្ស័យសង្ងំក្នុងឡានមន្ត្រីអគ្គិសនី ខ្ទប់មាត់ចង់ប្លន់ ត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញតាមរហូតបុករះរថយន្តដួលជាប់

រាជធានីភ្នំពេញ ៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង នៅពេលដែលជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចចូលទៅសង្ងំក្នុងរថយន្តប្រភេទតូយ៉ូតាព្រូស របស់មន្ត្រីអគ្គិសនីកម្ពុជាម្នាក់ ខណៈដែលម្ចាស់រថយន្តមិនបានដឹងខ្លួន រួចក៏បានចាប់ខ្ទប់មាត់ ចាប់ប្រទាញប្រទង់គ្នា បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

រថយន្តបុករះ

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង២០នាទីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចទល់មុខអគ្គិសនី សាខាចាក់អង្រែ តាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

កន្លែងកើតហេតុ

ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះជាមន្ត្រីអគ្គិសនីកម្ពុជា បានបើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BT-9321 ដើរមើលកុងទ័រភ្លើង ស្រាប់តែជនសង្ស័យបានលួចឡើងជិះរថយន្តតាំងពីពេលណាមិនដឹងខ្លួន ហើយបានយកដៃខ្ទប់មាត់គាត់ ធ្វើឱ្យគាត់ភ័យស្លន់ស្លោ ។

ជនសង្ស័យ

ភ្លាមៗនោះ ម្ចាស់រថយន្តបានបើករថយន្តមកឈប់នៅមុខអគ្គិសនីសាខាចាក់អង្រែ និងមានការប្រទាញប្រទង់គ្នា ទើបម្ចាស់រថយន្តបើកទ្វារចេញមកក្រៅ ស្រែកឆោឡោឱ្យគេជួយ ។ ចំណែកជនសង្ស័យវិញបានបន្តបើករថយន្តគេចទៅមុខទៀត តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងខណ្ឌចំការមនដេញតាមពីក្រោយ ។

ការដេញតាម

ដោយសារការដេញតាមយ៉ាងតឹងរ៉ឹង ជនសង្ស័យបានបើករថយន្តជ្រុលទៅបុករះរថយន្តពលរដ្ឋចំនួន ២គ្រឿង និងម៉ូតូកង់បីឥណ្ឌា ១គ្រឿង នៅចំណុចទល់មុខក្រសួងមហាផ្ទៃ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្ដាលឱ្យខូចខាតយ៉ាងដំណំ ទើបសមត្ថកិច្ចកាក់ជាប់ និងឃាត់ខ្លួនជនសង្ស័យយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ។

ការឃាត់ខ្លួន

ក្រោយកើតហេតុ ម្ចាស់រថយន្តជាជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី ។ ចំណែកមធ្យោបាយចំនួន ៣គ្រឿងដែលរងការខូចខាត ត្រូវបានម្ចាស់យកទៅជួសជុលដោយខ្លួនឯង ៕

រថយន្តខូចខាត

administrator

Related Articles