សហរដ្ឋអាមេរិកបានបណ្តេញបុគ្គលិកការទូតជិត ២៥០ នាក់នៅក្នុងការកាត់បន្ថយជុំចុងក្រោយបំផុតនៅក្រសួងការបរទេសរបស់ខ្លួន ខណៈកំពុងប្រឈមមុខនឹងវិបត្តិគោលនយោបាយការបរទេសទូទាំងពិភពលោក។

ប្រភពពី CNN បានឲ្យដឹងថា ការបណ្តេញចេញនេះធ្វើឡើងតាមរយៈអ៊ីមែលខ្លីមួយដែលមានខ្លឹមសារថា៖ «ការបញ្ឈប់របស់អ្នកជាផ្នែកមួយនៃការកាត់បន្ថយបុគ្គលិកនឹងចូលជាធរមាននៅថ្ងៃនេះ។ សូមអរគុណចំពោះការចូលរួមចំណែករបស់អ្នក»។
ស៊េរីនៃការបញ្ឈប់បុគ្គលិក (RIFs) ដែលបានចាប់ផ្តើមតាំងពីខែកក្កដាឆ្នាំមុន បានប៉ះពាល់ដល់មន្ត្រីរាជការជាង ១,០០០ នាក់ផងដែរ។ ការិយាល័យមួយចំនួនត្រូវបានបណ្តេញបុគ្គលិកទាំងស្រុង ជាពិសេសការិយាល័យដែលផ្តល់ការគាំទ្រផ្នែកប្រឹក្សាយោបល់លើសង្គ្រាមជាមួយអ៊ីរ៉ង់។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអះអាងថា ការកាត់បន្ថយទាំងនេះមានគោលបំណងលុបបំបាត់ការលែងត្រូវការបុគ្គលិកនៅក្នុងប្រព័ន្ធការិយាធិបតេយ្យ និងរក្សាការងារសំខាន់ៗដោយផ្ទេរទៅការិយាល័យដទៃ។
បន្ថែមពីលើការបញ្ឈប់ការងារ អ្នកការទូតចាស់វស្សាដែលមានបទពិសោធន៍រាប់ទសវត្សរ៍ក៏បានចូលនិវត្តន៍ជាច្រើនរូបផងដែរ។ អតីតមន្ត្រីជិត ១០ នាក់បានប្រាប់ CNN ថា រដ្ឋបាលលោក Trump លែងផ្តល់ឱកាសឡើងឋានៈដល់តំណែងខ្ពស់សម្រាប់អ្នកការទូតអាជីព ដូចជាតួនាទីជាឯកអគ្គរដ្ឋទូត ដែលធ្វើឲ្យពួកគេគ្មានជម្រើសក្នុងប្រព័ន្ធ «ឡើងឋានៈ ឬចាកចេញ»។

លោក David Kostelancik ដែលចូលនិវត្តន៍បន្ទាប់ពីបម្រើការក្នុងសេវាកម្មការទូតអស់រយៈពេល ៣៦ ឆ្នាំ បាននិយាយថា៖ «ចំនួនមនុស្សដែលជ្រើសរើសចាកចេញគឺមិនធ្លាប់មានពីមុនមកទេ»។ ក្រសួងការបរទេសប៉ាន់ប្រមាណថា មន្ត្រីការទូតប្រហែល ២,០០០ នាក់បានចាកចេញពីក្រសួងកាលពីឆ្នាំមុន៕
