ខេត្តពោធិ៍សាត់៖ ក្រុមការងារត្រួតពិនិត្យពិសេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅលើផ្លូវជាតិលេខ៥៥ ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។

ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ ក្រុមការងារពិសេសបានសហការជាមួយមន្ត្រីស្ថានីយឃ្លាំងមឿង ចុះប្រតិបត្តិការនៅចន្លោះគ.មលេខ៣៨-៣៩។

លទ្ធផលនៃការត្រួតពិនិត្យនេះ ក្រុមការងារបានឃាត់ខ្លួនរថយន្តសរុបចំនួន២គ្រឿង ដែលផ្ទុកទម្ងន់សរុបរហូតដល់៥៩តោន និង៦២តោន ដោយលើសទម្ងន់អនុញ្ញាតចំនួន១៩តោន និង២២តោនរៀងៗខ្លួន ដែលជាការប្រព្រឹត្តល្មើសនឹងច្បាប់កំណត់យ៉ាងធ្ងន់ធ្ងរ។

ការចុះបង្ក្រាបនេះធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ ដែលជាមូលហេតុចម្បងនៃការខូចខាតផ្លូវថ្នល់ និងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ។

សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសច្បាស់លាស់ពីការបន្តចុះត្រួតពិនិត្យ និងចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះរាល់ការល្មើសច្បាប់ដឹកជញ្ជូនលើសទម្ងន់នៅទូទាំងប្រទេស។

