រាជធានីភ្នំពេញ៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានផ្សាយសារជាបន្ទាន់ សុំចិត្តអ្នកមានទាំងឡាយកុំប្រព្រឹត្តអំពើហ៊ឺហាហ៊ឹកហ៊ាក់ និងកុំចាយវាយខ្ជះខ្ជាយ ដោយលោកបានរំលឹកថា ទ្រព្យសម្បត្តិដែលគេរកបានសុទ្ធតែមកពីទឹកដីកម្ពុជានេះឯង។
លោកបណ្ឌិតបានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ដោយមានខ្លឹមសារថា៖ «សុំចិត្តគ្រានេះ អាណិតកុំសម្ញែងភាពហ៊ឺហាហ៊ឹកហ៊ាក់ពេក កុំចាយវាយខ្ជះខ្ជាយពេក បើទោះលុយលោកអ្នកសម្បូរយ៉ាងណាក៏ដោយ និងរកបានដោយវិធីណាក៏ដោយ ក៏បានមកពីទឹកដីនេះផ្តល់ឱកាសឱ្យលោកអ្នកមានកំណើតមានបាននេះដែរ»។

លោកបណ្ឌិតបានបន្ថែមទៀតថា យើងត្រូវនឹកគិតដល់កងទ័ពជួរមុខ ដែលកំពុងត្រូវការអ្វីខ្លះ? តើយុទ្ធិបករណ៍ក៏ត្រូវការបន្ថែមដែរឬទេ? ខណៈពេលនេះថៃនៅតែគំរាម និងដាក់សម្ពាធ។ លោកបានអំពាវនាវឲ្យគិតពីសតិអារម្មណ៍របស់ទ័ព ពលរដ្ឋ និងបញ្ហាគម្លាតសង្គមផងដែរ។ លោកបញ្ចប់ដោយពាក្យថា «ខ្ញុំសុំចិត្ត ព្រោះអាណិតស្រុក»។
