Sir David Beckham ក្លាយជាអត្តពលិកមហាសេដ្ឋីដំបូងគេនៅចក្រភពអង់គ្លេស ទ្រព្យសរុបជាង ១,៥៨ ពាន់លានដុល្លារ

Sir David Beckham ក្លាយជាអត្តពលិកមហាសេដ្ឋីដំបូងគេនៅចក្រភពអង់គ្លេស ទ្រព្យសរុបជាង ១,៥៨ ពាន់លានដុល្លារ

ចក្រភពអង់គ្លេស ៖ អតីតកីឡាករបាល់ទាត់ឆ្នើមលំដាប់ពិភពលោក Sir David Beckham បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀត បន្ទាប់ពីត្រូវបានគេដាក់ឈ្មោះជា អត្តពលិកមហាសេដ្ឋីដំបូងគេ របស់ចក្រភពអង់គ្លេស យោងតាមបញ្ជីឈ្មោះអ្នកមានបំផុតប្រចាំឆ្នាំ ២០២៦ របស់កាសែត Sunday Times ។

Sir David Beckham

កាសែតឈានមុខគេនៅទីក្រុងឡុងដ៍បានបង្ហាញថា ទ្រព្យសម្បត្តិរួមរបស់ Sir David Beckham និងភរិយាគឺលោកស្រី Victoria Beckham បានឈានដល់ប្រមាណ ១,១៨ ពាន់លានផោន (ប្រមាណ ១,៥៨ ពាន់លានដុល្លារអាមេរិក) នៅឆ្នាំនេះ។ តួលេខដ៏ច្រើនសន្ធឹកសន្ធាប់នេះបានធ្វើឲ្យគ្រួសារ Beckham ឈរនៅលំដាប់ទីពីរក្នុងបញ្ជីអត្តពលិកដែលមានទ្រព្យសម្បត្តិច្រើនបំផុត នៅពីក្រោយគ្រួសារលោក Bernie Ecclestone អតីតនាយកប្រតិបត្តិក្រុមហ៊ុន Formula One ដែលមានទ្រព្យ ២ ពាន់លានផោន។

Victoria Beckham

គួរបញ្ជាក់ថា លោក Bernie Ecclestone មិនត្រូវបានចាត់ថ្នាក់ជាអត្តពលិកមហាសេដ្ឋីទេ ដោយសារទ្រព្យសម្បត្តិរបស់លោកបានមកពីការធ្វើជំនួញ មិនមែនមកពីអាជីពជាកីឡាករ ឬការប្រកួតប្រជែងកីឡាឡើយ។

Sir David Beckham ដែលបានចូលនិវត្តន៍ពីអាជីពបាល់ទាត់ក្នុងឆ្នាំ ២០១៣ បច្ចុប្បន្នគឺជាសហម្ចាស់ក្លឹប Inter Miami ដែលជាក្លឹបមានតម្លៃថ្លៃបំផុតប្រចាំលីគកំពូលអាមេរិក (MLS) ដោយមានតម្លៃរហូតដល់ ១,៤ ពាន់លានដុល្លារ។ អតីតខ្សែបម្រើឆ្នើមក្រុម Manchester United, Real Madrid, LA Galaxy, AC Milan និង PSG វ័យ ៥១ ឆ្នាំរូបនេះ ក៏មានតួនាទីជាឯកអគ្គរដ្ឋទូតម៉ាកយីហោ និងដៃគូសហការរបស់ក្រុមហ៊ុនល្បីៗជាច្រើនដូចជា Adidas និង Hugo Boss ជាដើម។

Inter Miami

នៅក្នុងអាជីពបាល់ទាត់ដ៏ត្រចះត្រចង់របស់គាត់ Beckham បានឈ្នះពានរង្វាន់ធំៗជាច្រើន រួមមាន Champions League, Premier League, La Liga និង Ligue 1 ។ លើសពីនេះទៀត ជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត David Beckham ត្រូវបានព្រះមហាក្សត្រឆាលស៍ទី៣ (Charles III) តែងតាំងគោរមងារ «Sir» ជាផ្លូវការកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ សម្រាប់សមិទ្ធផលលើវិស័យកីឡា និងសកម្មភាពសប្បុរសធម៌។

ក្រៅពីអាជីពកីឡា និងជំនួញដ៏ជោគជ័យ Sir David Beckham ក៏បានបម្រើការជាឯកអគ្គរដ្ឋទូតអង្គការ UNICEF តាំងពីឆ្នាំ ២០០៥ និងជាឯកអគ្គរដ្ឋទូតមូលនិធិ King’s Foundation តាំងពីឆ្នាំ ២០២៤ ។ ចំណែកឯលោកស្រី Victoria Beckham វិញ ទ្រព្យសម្បត្តិភាគច្រើនរកបានពីម៉ាកសម្លៀកបំពាក់ដ៏ល្បីរបស់ខ្លួន បន្ទាប់ពីល្បីល្បាញក្នុងនាមជាសមាជិកក្រុមតន្ត្រីប៉ុប «The Spice Girls» ។ ប្តីប្រពន្ធមួយគូនេះ នៅតែបន្តរក្សាកិត្តិនាមល្បីល្បាយទាំងថ្នាក់ជាតិ និងអន្តរជាតិដដែល៕

ប្រភព ៖ AFP និង BBC

administrator

Related Articles