មុខសញ្ញាចាស់ឆក់ទូរស័ព្ទស្ត្រីបរទេស ត្រូវបាននគរបាលឃាត់ខ្លួន

មុខសញ្ញាចាស់ឆក់ទូរស័ព្ទស្ត្រីបរទេស ត្រូវបាននគរបាលឃាត់ខ្លួន

ជនសង្ស័យត្រូវបានឃាត់ខ្លួន

រាជធានីភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យដែលជាមុខសញ្ញាចាស់ ដែលធ្លាប់ជាប់ពន្ធនាគារមកហើយ ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទស្ត្រីជនជាតិបរទេសនៅចុងខែមីនា។

ទីកន្លែងឧក្រិដ្ឋកម្ម

ជនសង្ស័យឈ្មោះ ថេង ចាន់វិរៈបុត្រ ហៅ យ៉ាបុត្រ ភេទប្រុស អាយុ២០ឆ្នាំ ត្រូវបានកម្លាំងនគរបាលចុះស្រាវជ្រាវឃាត់ខ្លួននៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦។ ការចាប់ខ្លួននេះធ្វើឡើងក្រោមការបញ្ជារផ្ទាល់ពីអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ទូរស័ព្ទដែលត្រូវឆក់

តាមការប្រាប់ពីនគរបាល ជនសង្ស័យបានធ្វើឧក្រិដ្ឋកម្មឆក់ទូរស័ព្ទ iPhone 14 Pro Max ពីស្ត្រីជនជាតិបរទេសម្នាក់ នៅផ្លូវលេខ១៤៣ ភូមិ៤ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ឧក្រិដ្ឋកម្មនេះកើតឡើងនៅវេលាម៉ោងប្រហែល១៧:៥០នាទីល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។

សមត្ថកិច្ចធ្វើការស៊ើបអង្កេត

ជនសង្ស័យជាមុខសញ្ញាចាស់ដែលធ្វើសកម្មភាពយ៉ាងសកម្ម និងធ្លាប់ជាប់ពន្ធនាគារមកហើយ។ នគរបាលបានឲ្យដឹងថា ជនសង្ស័យមានបក្សពួកដែលនៅសេសសល់ ហើយសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវឃាត់ខ្លួនឲ្យដល់ឫសគល់។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

សរសេរដោយ៖ ម៉េង ធា
កែសម្រួលដោយ៖ ធីតា

administrator

Related Articles