រក្សាមរតកដូនតា៖ គ្រូជំនាញខ្មុកម្រ័ក្សណ៍ បង្រៀនយុវជននៅរុនតាឯក ដើម្បីការពារសិល្បៈបុរាណខ្មែរ

រក្សាមរតកដូនតា៖ គ្រូជំនាញខ្មុកម្រ័ក្សណ៍ បង្រៀនយុវជននៅរុនតាឯក ដើម្បីការពារសិល្បៈបុរាណខ្មែរ

សៀមរាប៖ ការថែរក្សាមរតកវប្បធម៌បុរាណខ្មែរកំពុងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង នៅពេលដែលអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំគម្រោងបណ្តុះបណ្តាលជំនាញ«ខ្មុកម្រ័ក្សណ៍»ដល់ពលរដ្ឋ និងយុវជននៅក្រុងរុនតាឯកតេជោសែន។

ការបង្រៀនខ្មុកម្រ័ក្សណ៍

លោក យុន តារារ័ត្ន អាយុ៥២ឆ្នាំ ជំនាញសិល្បៈសូនរូប និងជាគ្រូបង្គោលក្នុងគម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា បានចំណាយពេល១១ខែមកហើយក្នុងការបង្រៀនជំនាញនេះ។ លោកបានធ្វើដំណើរចេញពីក្រុងសៀមរាប ឆ្ពោះទៅក្រុងរុនតាឯកតេជោសែន ដែលមានចម្ងាយជាង៣០គីឡូម៉ែត្រ រៀងរាល់ចុងសប្ដាហ៍។

សិស្សរៀនធ្វើខ្មុកម្រ័ក្សណ៍

«ខ្មុកម្រ័ក្សណ៍ គឺជាខ្មុកធ្វើពីស្មាច់ ឬក្រដាស និងម្រ័ក្សណ៍ជាដើម។ ចំណេះដឹងធ្វើខ្មុកម្រ័ក្សណ៍នេះ មានរាប់រយឆ្នាំមកហើយនៅក្នុងសង្គមខ្មែរ។ ការណ៍នេះ គេត្រូវតែបណ្តុះបណ្តាលបន្ត ដើម្បីឱ្យចំណេះដឹងនេះមានភាពទូលំទូលាយ និងកុំឱ្យបាត់បង់» លោកតារារ័ត្នបានពន្យល់។

ផលិតផលខ្មុកម្រ័ក្សណ៍

នៅក្នុងការបង្រៀននេះ សិស្សត្រូវបានបង្រៀនផលិតខ្នាតតូច មានតួអង្គយក្ស ស្វា និងច្នៃជាវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទទៀត ដើម្បីឱ្យសិស្សអាចមានលទ្ធភាពបង្កើតអាជីវកម្មពេលរៀនចប់។

ការអនុវត្តជាក់ស្តែង

អ្នកស្រី ប៊ុន ចាន់ធី អាយុ៤៥ឆ្នាំ ជាសិស្សម្នាក់ក្នុងចំណោមសិស្ស១៥នាក់ ដែលមាននិស្ស័យនឹងសិល្បៈខ្មុកម្រ័ក្សណ៍។ «សព្វថ្ងៃ ខ្ញុំអាចចេះផលិតខ្មុករូបសត្វ ដន្លាប់ និងវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទទៀត។ ខ្ញុំសង្ឃឹមថាក្រៅពីជួយខ្ញុំឱ្យយកទៅធ្វើជាមុខរបររកកម្រៃ វាក៏ជាការផ្តល់ឱកាសឱ្យអ្នកភូមិធម្មជាតិរុនតាឯកបានចូលរួមថែរក្សាមរតកវប្បធម៌ដូនតាខ្មែរផងដែរ» អ្នកស្រីបានថ្លែង។

យុវជនរៀនសិល្បៈបុរាណ

កញ្ញា សិទ្ធ សុណាន់ ដែលជានិស្សិតរៀននៅសកលវិទ្យាល័យ បានឆ្លៀតពេលទំនេរចុងសប្ដាហ៍មករៀនសិល្បៈធ្វើខ្មុកផង។ «កាលពីមុនខ្ញុំមិនដែលស្គាល់អ្វីទៅជាសិល្បៈខ្មុកម្រ័ក្សណ៍ទេ។ ប៉ុន្តែបន្ទាប់ពីចូលរៀនជំនាញនេះ មិនត្រឹមតែធ្វើឱ្យខ្ញុំស្គាល់មរតកវប្បធម៌ដ៏មានតម្លៃរបស់ដូនតាខ្មែរប៉ុណ្ណោះទេ គឺថែមទាំងចេះធ្វើវាទៀត និងមានមោទនភាពយ៉ាងខ្លាំងចំពោះចំណេះជំនាញមួយនេះផង» កញ្ញាបានចែករំលែក។

សិល្បៈខ្មុកម្រ័ក្សណ៍

គម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតានេះ មានគោលបំណងរក្សាទុកនូវចំណេះដឹងបុរាណរបស់ខ្មែរ ដោយផ្តល់ឱកាសឱ្យអ្នកស្រឡាញ់សិល្បៈបានរៀនសូត្រ និងទទួលយកចំណេះជំនាញដូនតាបន្តវេនទៅថ្ងៃអនាគត។

ការថែរក្សាមរតកវប្បធម៌

អត្ថបទសរសេរដោយ ច័ន្ទ រស្មី
កែសម្រួលដោយ ស្រីណា

administrator

Related Articles