ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង ២:៤០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឲ្យមានមនុស្សរបួសធ្ងន់ចំនួន ២ នាក់ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តកាមរីបាឡែនពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AX-6309 បានបើកបរក្នុងល្បឿនលឿនតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង ។ លុះមកដល់ចំណុចផ្លូវបំបែកជាបួន ស្រាប់តែមានម៉ូតូហុងដាឌ្រីម ពាក់ស្លាកលេខ ភ្នំពេញ 1MH-0883 បើកបរតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅលិច ក៏បុកគ្នាពេញទំហឹងយ៉ាងពេញទំហឹង ។
បុកគ្នាដោយកម្លាំងយ៉ាងខ្លាំងបណ្តាលឲ្យយុវជនអ្នកជិះម៉ូតូទាំង ២ នាក់រងរបួសធ្ងន់ ត្រូវបានបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុប្រញាប់ប្រញាល់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះទាន់ពេលវេលា ។
គួរឲ្យកត់សម្គាល់ថា បន្ទាប់ពីកើតហេតុ ភាគីអ្នកបើករថយន្តកាមរីបាឡែនបានប៉ុនប៉ងបើករត់ចេញពីកន្លែងកើតហេតុ ប៉ុន្តែត្រូវបានបងប្អូនប្រជាពលរដ្ឋដេញតាមឃាត់ខ្លួនបានភ្លាមៗ ហើយធ្វើការជូនដំណឹងដល់សមត្ថកិច្ចជំនាញឲ្យចុះមកអន្តរាគមន៍ ។
ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង និងប្រមូលភស្តុតាងនៅកន្លែងកើតហេតុ ព្រមទាំងយករថយន្ត និងម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ ។
