អភិបាលខេត្តកំពង់ចាម ៖ «មនសិការពលរដ្ឋល្អ» ជាការអនុវត្តជាក់ស្តែងប្រចាំថ្ងៃ រួមចំណែកអភិវឌ្ឍន៍ជាតិ

អភិបាលខេត្តកំពង់ចាម ៖ «មនសិការពលរដ្ឋល្អ» ជាការអនុវត្តជាក់ស្តែងប្រចាំថ្ងៃ រួមចំណែកអភិវឌ្ឍន៍ជាតិ

ខេត្តកំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា «មនសិការពលរដ្ឋល្អ» មិនមែនគ្រាន់តែជាទ្រឹស្ដីប៉ុណ្ណោះទេ តែជាការអនុវត្តជាក់ស្ដែងតាមរយៈសកម្មភាពតូចៗប្រចាំថ្ងៃ ដែលជះឥទ្ធិពលវិជ្ជមានដល់សហគមន៍ និងប្រទេសជាតិ។

លោកបានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិកក្លឹបនៃកម្មវិធី «មនសិការពលរដ្ឋល្អ» ក្រោមប្រធានបទ «យុវជននិងអតីតកាលដើម្បីថែរក្សានិងស្ថាបនាអនាគត» នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) តែងតែលើកកម្ពស់ «មនសិការពលរដ្ឋល្អ» ជាស្នូលនៃសកម្មភាព ដើម្បីបណ្ដុះស្មារតីយុវជនឱ្យក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ជាតិ។ លោកអភិបាលខេត្តបានណែនាំឱ្យយុវជនទាំងអស់ប្រកាន់ខ្ជាប់នូវគោលជំហរច្បាស់លាស់ក្នុងស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ការថែរក្សាការពារសន្តិភាព និងចូលរួមការពារសមិទ្ធផលសង្គម ស្របតាមទស្សនវិស័យរបស់ ស.ស.យ.ក. ដែលសង្កត់ធ្ងន់លើពាក្យស្លោក «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ» ។

លោកអភិបាលខេត្តបានថ្លែងបញ្ជាក់ថា «ពលរដ្ឋល្អ គឺជាបុគ្គលដែលមានទាំងសមត្ថភាព (ចំណេះដឹង) និងគុណធម៌ (ទឹកចិត្តសប្បុរស) ដើម្បីក្លាយជាកម្លាំងចលករក្នុងការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០»។

ក្នុងឱកាសនោះដែរ លោកបានសម្ដែងនូវការគោរព និងដឹងគុណយ៉ាងក្រៃលែងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាអគ្គមគ្គុទ្ទេសក៍ឯកដ៏ឆ្នើម បានដឹកនាំប្រទេសប្រកបដោយជោគជ័យ តាំងពីដំណាក់កាលតស៊ូផ្ដួលរំលំរបបប្រល័យពូជសាសន៍ និងបន្តអនុវត្តនយោបាយ «ឈ្នះ-ឈ្នះ» រហូតទទួលបានសុខសន្តិភាព និងឯកភាពជាតិពេញលេញ ព្រមទាំងធ្វើឱ្យខេត្តកំពង់ចាម ទទួលបានសមិទ្ធផលរូបវន្តជាច្រើនលើគ្រប់វិស័យ។

លោក អ៊ុន ចាន់ដា សង្កត់ធ្ងន់ថា ក្នុងរយៈពេលជាង៤ទស្សវត្សរ៍ បន្ទាប់ពីថ្ងៃ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តរក្សាស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសង្គមឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ៕

ដោយ៖ តារា

administrator

Related Articles