ប្តីចុងខឹងស្ទុរងាក! ប្តីដើមមករកកូនដល់ផ្ទះត្រូវបាចខ្សាច់ដាក់ភ្នែក និងគប់ឥដ្ឋបែកក្បាលសន្លប់

ប្តីចុងខឹងស្ទុរងាក! ប្តីដើមមករកកូនដល់ផ្ទះត្រូវបាចខ្សាច់ដាក់ភ្នែក និងគប់ឥដ្ឋបែកក្បាលសន្លប់

រូបភាពកន្លែងកើតហេតុ

ខេត្តកណ្ដាល៖ ករណីហិង្សាដ៏ឃោរឃៅមួយបានកើតឡើងកាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅចំណុចភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ដោយជនរងគ្រោះឈ្មោះ អាត វុទ្ធី ភេទប្រុស អាយុ ៣៩ឆ្នាំ ជាកសិករ ត្រូវបានប្តីចុងរបស់អតីតប្រពន្ធ យកដុំឥដ្ឋប្រហោងគប់ពីលើក្បាលបណ្ដាលឱ្យបែកក្បាលហូរឈាមដេរអស់ ៣០ថ្នេរ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ អាត វុទ្ធី និងស្ត្រីឈ្មោះ អឿន សែម (អាយុ ៣៣ឆ្នាំ) ធ្លាប់ជាប្តីប្រពន្ធនឹងគ្នា ក្រោយពេលប្តីទៅធ្វើការនៅប្រទេសកូរ៉េរយៈពេល ៥ខែ ក៏មានរឿងឈ្លោះប្រកែកគ្នារហូតលែងលះគ្នានៅសាលាឃុំក្រាំងយ៉ូវ ។ ក្រោយលែងលះ ស្ត្រីរូបនេះបានទៅរស់នៅជាមួយបុរសឈ្មោះ ហ៊ួន សុខរ៉ូ (ហៅរូ អាយុ ៤០ឆ្នាំ) ដែលជាជនសង្ស័យក្នុងករណីនេះ ។

រូបភាពវត្ថុតាង

នៅថ្ងៃកើតហេតុ ជនរងគ្រោះឈ្មោះ អាត វុទ្ធី បាទៅស្រែកហៅកូនប្រុសឈ្មោះ វុទ្ធី គីមហាន ដែលកំពុងនៅលេងផ្ទះជនសង្ស័យ ដើម្បីយកមកហូបបាយ តែមិនមានអ្នកឆ្លើយតប ។ ខណៈនោះ ជនសង្ស័យបានចេញមកជេរប្រមាថទៅលើជនរងគ្រោះ ហើយបានយកដីខ្សាច់បាចចូលភ្នែកជនរងគ្រោះ និងបានយកដុំឥដ្ឋប្រហោងពណ៌ក្រហមគប់សំដៅទៅលើជនរងគ្រោះត្រូវចំក្បាលបែកហូរឈាម សន្លប់នៅនឹងដី ។

ក្រុមគ្រួសារជនរងគ្រោះបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវបានចុះទៅឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ រួមទាំងវត្ថុតាងដុំឥដ្ឋដែលមានស្នាមប្រឡាក់ឈាមយកមកប៉ុស្តិ៍ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានគប់ដុំឥដ្ឋទៅលើជនរងគ្រោះមែន តែមិនដឹងថាត្រូវឬខុសទេ ។

រូបភាពជនសង្ស័យ

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

administrator

Related Articles