ខេត្តកំពង់ស្ពឺ៖ ក្រោយពីកងកម្លាំងសមត្ថកិច្ចបានបើកការវាយលុកយ៉ាងខ្លាំងក្លាទៅលើទីតាំងឆបោកតាមអនឡាញនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជនបរទេសមួយចំនួនដឹកនាំដោយបណ្ដាញឧក្រិដ្ឋជនបានរត់គេចខ្លួន និងចល័តចូលមកលាក់ខ្លួននៅតាមខេត្តនានា ក្នុងនោះខេត្តកំពង់ស្ពឺជាចំណុចគោលដៅសំខាន់មួយ។

ដើម្បីបង្ក្រាបបទល្មើសនេះឲ្យបានទាន់ពេលវេលា នៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំរបស់លោក ឃឹម សុកខៃ ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការចុះអន្តរាគមន៍ឆែកឆេរ និងត្រួតពិនិត្យគ្រប់មធ្យោបាយដឹកជញ្ជូនយ៉ាងល្អិតល្អន់។

លោក ឃឹម សុកខៃ បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្នុងគោលដៅបោសសម្អាតបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឲ្យអស់ពីផែនដីខេត្ត។

ប្រភពព័ត៌មានបន្ថែមបានឲ្យដឹងថា ប្រតិបត្តិការខាងលើបានឃាត់ខ្លួនជនបរទេសជាច្រើននាក់ និងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីធ្វើការសាកសួរ និងចាត់វិធានការតាមនីតិវិធីច្បាប់។

ទន្ទឹមនឹងនេះ អាជ្ញាធរក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានអគារ ផ្ទះសំណាក់ និងទីតាំងជួលឲ្យជនបរទេស សូមសហការផ្ដល់ព័ត៌មានជូនអាជ្ញាធរ ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមបច្ចេកវិទ្យាឲ្យបានទាន់ពេលវេលា៕

