ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ផាម វ៉ាន់ចា (Pham Van Tra) អតីតសមាជិកការិយាល័យនយោបាយគណបក្សកុម្មុយនីស្តវៀតណាម និងជាអតីតរដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការរីករាយយ៉ាងខ្លាំងដែលបានជួបជាមួយលោក ផាម វ៉ាន់ចា ដែលត្រូវបានសម្ដេចចាត់ទុកជាមិត្តចាស់របស់កម្ពុជា ដែលធ្លាប់ចូលរួមចំណែកក្នុងបេសកកម្មរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។

ក្នុងឱកាសនោះ លោក ផាម វ៉ាន់ចា បានសម្ដែងនូវក្តីរីករាយដែលបានជួបសម្ដេចតេជោសាជាថ្មី បន្ទាប់ពីបែកគ្នាអស់រយៈពេល១០ឆ្នាំ មកហើយ។

លោកបានលើកឡើងពីគោលបំណងសំខាន់ពីរនៃដំណើរមកកាន់កម្ពុជាលើកនេះ ៖ ទី១) ចង់មកជួបសួរសុខទុក្ខសម្ដេចតេជោដែលជាមិត្តចាស់ធ្លាប់តស៊ូជាមួយគ្នា និងទី២) ចង់ទស្សនាទីតាំងអនុស្សាវរីយ៍ដែលលោកធ្លាប់សហការជាមួយកម្ពុជាក្នុងការរំដោះជាតិ។


នាឱកាសនេះ សម្ដេចតេជោក៏បានអញ្ជើញលោក ផាម វ៉ាន់ចា ទទួលទានអាហារថ្ងៃត្រង់ជាមួយគ្នាក្នុងបរិយាកាសដ៏រីករាយផងដែរ៕





ដោយ ៖ សិលា
