ភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងពីទីក្រុងតូក្យូ ប្រទេសជប៉ុនថា កិច្ចប្រជុំមន្ត្រីបច្ចេកទេសជាន់ខ្ពស់ G-NETS គ្រោងរៀបចំនៅខែឧសភា ឆ្នាំ២០២៧ និងកិច្ចប្រជុំកំពូលលើកទី៤ G-NETS នៅឆ្នាំ២០២៨ នៅទីក្រុងតូក្យូ។

ការបញ្ជាក់នេះធ្វើឡើងខណៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចសន្ទនារវាងទីក្រុងតូក្យូ និងបណ្ដាទីក្រុងអាស៊ាន ដើម្បីចីរភាព (TOKYO-SEADS) រៀបចំភ្លាមៗក្រោយកិច្ចប្រជុំកំពូលលើកទី៣ G-NETS បញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។

លោកស្រី ដោ សម្ផស្ស បានគូសបញ្ជាក់ថា ក្នុងកិច្ចសន្ទនានេះ លោកស្រីអភិបាលក្រុងតូក្យូ និងអភិបាល ឬតំណាងរាជធានី-ក្រុងនានាអាស៊ាន បានធ្វើបទបង្ហាញស្តីពី “វិធានការទប់ទល់នឹងខ្យល់ព្យុះ ទឹកជំនន់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង”។

លោក ឃួង ស្រេង និងលោក សេង វណ្ណៈ អភិបាលរង បានលើកយកបទបង្ហាញស្តីពី “ភាពធន់ និងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចីរភាព និងបរិយាប័ន្ន” ។

ក្រោយការពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ លោកស្រីអភិបាលក្រុងតូក្យូ បានដាក់ជូនអង្គប្រជុំពិនិត្យ និងអនុម័តលើ សេចក្ដីថ្លែងការណ៍រួម TOKYO-SEADS ដោយផ្តោតលើការបង្កើតទីក្រុងប្រកបដោយភាពធន់ និងចីរភាព។

លោកស្រីអភិបាលក្រុងតូក្យូ ក៏បានអញ្ជើញថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ទាំងអស់ ចូលរួមក្នុងកិច្ចប្រជុំមន្ត្រីបច្ចេកទេសជាន់ខ្ពស់ G-NETS ខែឧសភា ២០២៧ និងកិច្ចប្រជុំកំពូលលើកទី៤ G-NETS ឆ្នាំ២០២៨ នៅទីក្រុងតូក្យូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសកលបន្ថែមទៀត។


ដោយ៖ សំរិត
