សោកសៅ! កុមារីអាយុ១៤ឆ្នាំផឹកស្រាបៀរ៧កំប៉ុង រួចនាំគ្នាលោតទឹកលង់ស្លាប់ម្នាក់

សោកសៅ! កុមារីអាយុ១៤ឆ្នាំផឹកស្រាបៀរ៧កំប៉ុង រួចនាំគ្នាលោតទឹកលង់ស្លាប់ម្នាក់

ខេត្តបន្ទាយមានជ័យ៖ កើតហេតុសោកសៅមួយ ក្រោយពីកុមារី៣នាក់អាយុ១៤ឆ្នាំសុទ្ធសាធ បាននាំគ្នាទិញស្រាបៀរផឹករហូតដល់១២កំប៉ុង ហើយក៏នាំគ្នាទៅលេងទឹកនៅចំណុចអន្លង់តាហយក្នុងស្ទឹងថ្មី ខាងលិចភូមិចម្ងាយ២០០ម៉ែត្រពីភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បង្កភាពភ្ញាក់ផ្អើលនៅវេលាម៉ោង១រសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។

រូបភាពទី១

លោកវរៈសេនីយ៍ទោ អុន កាថន អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា កុមារីរងគ្រោះឈ្មោះ ផុន ស្រីនិច អាយុ១៤ឆ្នាំ រស់នៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ តាមការបំភ្លឺពីមិត្តភក្តិដែលទៅជាមួយគ្នា គឺឈ្មោះ ឈឿន ឧស្សា និង ថា ចាន់វិមាន អាយុ១៤ឆ្នាំដូចគ្នា បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេទាំង៣នាក់បាននាំគ្នាទិញស្រាបៀរផឹកចំនួន១២កំប៉ុង ហើយកុមារីរងគ្រោះឈ្មោះ ផុន ស្រីនិច ផឹកអស់តែម្នាក់ឯងរហូតដល់ទៅ៧កំប៉ុង។

ក្រោយផឹកស្រាបៀររួច ពួកគេក៏នាំគ្នាចុះលេងទឹកនៅកន្លែងកើតហេតុ។ ពេលកំពុងហែលលេង ស្រាប់តែឃើញកុមារីរងគ្រោះលង់ទឹក ហើយលើកដៃសុំជំនួយ។ ឈ្មោះ ឈឿន ឧស្សា បានព្យាយាមទៅជួយ ប៉ុន្តែជនរងគ្រោះបានស្រវាទាញលិចទាំងអស់គ្នា ពេលរើបំរាស់រួច ក៏ហៅឈ្មោះ ថា ចាន់វិមាន ឲ្យមកជួយបន្ថែម ប៉ុន្តែមិនអាចជួយបានដោយសារទឹកជ្រៅពេក។

រូបភាពទី២

ក្រោយមក ឈ្មោះ កិ ស្រីអូន ដែលមិនបានចុះលេងក្នុងទឹក បានទៅហៅឈ្មោះ ហឿង យ៉ុន ដែលជាតារបស់ជនរងគ្រោះ ឲ្យមកជួយមុជរក។ នៅពេលរកឃើញ ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ហើយតារបស់គាត់ក៏បានយកសពមកផ្ទះវិញ។

លោកអធិការបានបញ្ជាក់បន្ថែមថា មូលហេតុដែលបណ្ដាលឲ្យកុមារីរងគ្រោះលង់ទឹកស្លាប់ គឺដោយសារតែផឹកស្រាបៀរស្រវឹង ព្រមទាំងមិនចេះហែលទឹក ហើយអន្លង់នោះមានជម្រៅជ្រៅផងដែរ។ ឧបទ្ទវហេតុនេះជាមេរៀនដ៏ឈឺចាប់សម្រាប់អាណាព្យាបាលក្នុងការថែរក្សាកូនចៅឲ្យបានដិតដល់ ជៀសវាងនាំឲ្យមានសោកនាដកម្មស្រដៀងគ្នានេះកើតឡើងទៀត៕

administrator

Related Articles