ខេត្តតាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឋានស្រុកសំរោង និងឯកភាពព្រះរាជអាជ្ញា បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ រហូតពន្លាតដែនសមត្ថកិច្ចទៅកាន់ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ និងដកហូតសារធាតុញៀនជាង ១៦ ក្រាម។

ក្រោមបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងការសម្របសម្រួលនីតិវិធីដោយ លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កាលពីវេលាម៉ោង ១១:៣០ នាទី ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦ កម្លាំងជំនាញដឹកនាំដោយ លោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបជាក់ស្តែងនៅភូមិស្រីបណ្ឌិត ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។
បន្ទាប់មក កម្លាំងបានបន្តពន្លាតដែនសមត្ថកិច្ចទៅកាន់ខេត្តកំពង់ស្ពឺ សហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី និងសម្របសម្រួលនីតិវិធីដោយ លោក សុិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បង្ក្រាបនៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី។
វេលាម៉ោង ១៥:៣០ នាទីថ្ងៃដដែល កម្លាំងបានពន្លាតដែនសមត្ថកិច្ចទៅខេត្តកណ្តាល សហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួល និងសម្របសម្រួលនីតិវិធីដោយ លោក គុជ គឹមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បង្ក្រាបនៅភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល។

ជនសង្ស័យទាំង២នាក់រួមមាន៖
១. ផូ សុភ័ក្រ ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកញ្ចាង ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។
២. យ៉ែន សីហា ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
វត្ថុតាងដកហូតរួមមាន៖
– ម្សៅក្រាមពណ៌សថ្លា ១៤ កញ្ចប់ ទម្ងន់ ១៦.៨៤ ក្រាម
– ជញ្ជីងថ្លឹងថ្នាំញៀន ១ គ្រឿង
– ម៉ូតូ ១ គ្រឿង
– ទូរស័ព្ទ ៤ គ្រឿង
– ដាវដែក ១ ដើម
– កាំមេរ៉ាសុវត្ថិភាព ២ គ្រឿង
– ថង់វេចខ្ចប់ និងសម្ភារសេពថ្នាំញៀនមួយចំនួន
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី៕
