ការិយាល័យថវិកានៃសភាអាមេរិក (CBO) ដែលជាស្ថាប័នឯករាជ្យ និងមិនលម្អៀងខាងនយោបាយ បានចេញរបាយការណ៍វាយតម្លៃដ៏តក់ស្លុតមួយ កាលពីថ្ងៃអង្គារ ទី១២ ខែឧសភា ដោយបង្ហាញថា ខែលការពារមីស៊ីល «Golden Dome» របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងត្រូវចំណាយប្រាក់ប្រហែល ១,២ ទ្រីលានដុល្លារ សម្រាប់ការអភិវឌ្ឍ ការដាក់ពង្រាយ និងប្រតិបត្តិការក្នុងរយៈពេល ២០ ឆ្នាំខាងមុខ។
តួលេខដ៏ច្រើនលើសលប់នេះ បានធ្វើឲ្យថវិកា ១៨៥ ប៊ីលានដុល្លារ ដែលត្រូវបានស្នើឡើងដោយមន្ទីរបញ្ចកោណ ក្លាយទៅជាតួលេខដ៏តូចតាចមួយប៉ុណ្ណោះ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ស្ថាប័ន CBO បានប៉ាន់ប្រមាណថា គ្រាន់តែថ្លៃដើមនៃការទិញយកប្រព័ន្ធនេះ នឹងមានចំនួនសរុបជាង ១ ទ្រីលានដុល្លារទៅហើយ។ ក្នុងនោះ ស្រទាប់មីស៊ីលស្ទាក់ចាប់នៅលើលំហអាកាស ដែលជាបណ្តាញផ្កាយរណបចំនួន ៧,៨០០ គ្រឿង នឹងក្តោបក្តាប់រហូតដល់ប្រហែល ៧០ ភាគរយនៃថ្លៃដើមទិញយកសរុប។

ប្រព័ន្ធការពារនេះ នឹងគ្របដណ្តប់លើទឹកដីអាមេរិកទាំងមូល រួមទាំងរដ្ឋអាឡាស្កា និងកោះហាវ៉ៃ ផងដែរ ដោយមានសមត្ថភាពពេញលេញក្នុងការទប់ទល់នឹងការវាយប្រហារពីគូប្រជែងក្នុងតំបន់ ដូចជាកូរ៉េខាងជើង។ ទោះជាយ៉ាងណា CBO បានព្រមានថា ប្រព័ន្ធនេះអាចនឹងមិនអាចទប់ទល់រួចឡើយ ប្រសិនបើមានការវាយប្រហារទ្រង់ទ្រាយធំពីរុស្ស៊ី ឬចិន។
លោក Jeff Merkley សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ (រដ្ឋ Oregon) និងជាសមាជិកជាន់ខ្ពស់នៃគណៈកម្មាធិការថវិកាព្រឹទ្ធសភា បានរិះគន់យ៉ាងខ្លាំងថា៖ «ប្រព័ន្ធការពារដែនអាកាសដែលប្រធានាធិបតីហៅថា «Golden Dome» នេះ គឺគ្មានអ្វីក្រៅពីការយកលុយពន្ធរបស់ប្រជាជនអាមេរិក ដែលខំធ្វើការងារយ៉ាងលំបាក ទៅប្រគល់ឲ្យក្រុមហ៊ុនម៉ៅការផលិតឧបករណ៍ការពារជាតិធំៗនោះឡើយ»។
សូមបញ្ជាក់ថា បទបញ្ជាប្រតិបត្តិដើម្បីបង្កើតខែលការពារមីស៊ីល «Golden Dome» នេះ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥ ដោយបានកំណត់កាលវិភាគយ៉ាងតឹងរ៉ឹង ក្នុងការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលការពារជាតិអាមេរិកដ៏ទូលំទូលាយមួយនេះ ឲ្យបានត្រឹមឆ្នាំ ២០២៨។ គម្រោងនេះ ផ្ដោតលើការពង្រីកប្រព័ន្ធការពារនៅលើដី ព្រមទាំងបន្ថែមសមាសធាតុនៅលើលំហអាកាស ដើម្បីស្វែងរក តាមដាន និងបាញ់ទម្លាក់ការគំរាមកំហែងពីគន្លងតារាវិថី រួមទាំងបណ្តាញផ្កាយរណបកម្រិតខ្ពស់ និងអាវុធនៅលើគន្លងតារាវិថីផងដែរ៕
