រដ្ឋគុយវ៉ែតបានចាប់ខ្លួនជនសង្ស័យចំនួន ៤ នាក់ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បន្ទាប់ពីពួកគេបានព្យាយាមលួចចូលទឹកដីគុយវ៉ែតតាមផ្លូវសមុទ្រ ដែលជាហេតុនាំឲ្យមានភាពតានតឹងផ្នែកការទូតរវាងប្រទេសទាំងពីរ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋគុយវ៉ែត KUNA បានរាយការណ៍កាលពីថ្ងៃអង្គារថា អាជ្ញាធរបានចាប់ខ្លួនមនុស្ស ៤ នាក់ ដែលមានទំនាក់ទំនងជាមួយ IRGC បន្ទាប់ពីពួកគេបានព្យាយាមលួចចូលទឹកដីគុយវ៉ែតតាមផ្លូវសមុទ្រ។ ក្រសួងមហាផ្ទៃគុយវ៉ែតបានបន្ថែមថា នៅក្នុងព្រឹត្តិការណ៍នោះ សមាជិកកងកម្លាំងប្រដាប់អាវុធគុយវ៉ែតម្នាក់បានរងរបួសក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមអ្នកលួចចូលដែនទឹកទាំងនោះ។

ក្រសួងការបរទេសគុយវ៉ែតបានកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសខ្លួន ដើម្បីប្រគល់លិខិតតវ៉ា ជុំវិញករណីដែលពួកគេហៅថាជា «ការលួចចូលមកកាន់កោះ Bubiyan» និងបានថ្កោលទោសទង្វើនេះថាជាសកម្មភាពអរិភាព ព្រមទាំងប្រកាសថាខ្លួនរក្សាសិទ្ធិពេញលេញក្នុងការការពារអធិបតេយ្យភាព ស្របតាមមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
ទោះជាយ៉ាងណា អ៊ីរ៉ង់បានចេញមុខថ្កោលទោសចំពោះការចាប់ខ្លួននេះ ដោយពន្យល់ថាអ្នកទាំង ៤ នាក់នោះគឺជាកងល្បាតជើងទឹក ហើយបានបើកចូលទៅក្នុងដែនទឹកគុយវ៉ែតដោយសារតែ «មានបញ្ហារអាក់រអួលលើប្រព័ន្ធរុករក» តែប៉ុណ្ណោះ។ ទីក្រុងតេហេរ៉ង់ក៏បានទាត់ចោលការចោទប្រកាន់របស់គុយវ៉ែត និងទាមទារឲ្យអនុញ្ញាតឲ្យស្ថានទូតអ៊ីរ៉ង់ចូលជួបសាកសួរពលរដ្ឋខ្លួនដែលកំពុងឃាត់ខ្លួន។
ដោយឡែក ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការលួចចូលរបស់ក្រុម IRGC មកលើកោះ Bubiyan និងបានបញ្ជាក់ជាថ្មីពីការទាត់ចោលទាំងស្រុងចំពោះការវាយប្រហារណាដែលប៉ះពាល់ដល់អធិបតេយ្យភាពរបស់គុយវ៉ែត ដោយបន្ថែមថាការរំលោភបំពានបែបនេះកំពុងបំផ្លាញកិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការស្តារសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
