ថៃបារម្ភខ្លាចបាត់បង់ទីផ្សារកម្ពុជា ក្រោយជម្លោះព្រំដែនអូសបន្លាយ​យូរ​ពេក

ថៃបារម្ភខ្លាចបាត់បង់ទីផ្សារកម្ពុជា ក្រោយជម្លោះព្រំដែនអូសបន្លាយ​យូរ​ពេក

វិស័យឯកជនថៃកំពុងព្រួយបារម្ភយ៉ាងខ្លាំងថា ការអូសបន្លាយនៃជម្លោះព្រំដែនថៃ-កម្ពុជា​កំពុងបើកផ្លូវឱ្យប្រទេសដទៃទៀតដូចជា វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី ចូលមកដណ្ដើមចំណែកទីផ្សាររបស់ខ្លួននៅកម្ពុជាកាន់តែច្រើនឡើងៗ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

ពាណិជ្ជកម្មថៃ-កម្ពុជា

ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មថៃ-កម្ពុជា លោក Voratat Tantimongkolsuk បានលើកឡើងថា ជម្លោះព្រំដែន និងការបិទព្រំដែនតាំងពីឆ្នាំមុនមក បានប៉ះពាល់ដល់ពាណិជ្ជកម្ម ការវិនិយោគ និងអាជីវកម្មភាគីទាំងសងខាង។ លោកបានថ្លែងថា៖ «ពេលយើងឈ្លោះគ្នា អ្នកដទៃចូលមកជំនួសយើង»។

ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៦ តម្លៃពាណិជ្ជកម្មរបស់សិង្ហបុរីជាមួយកម្ពុជាបានកើនឡើងជាង ២០០% ម៉ាឡេស៊ីកើន ៥១% និងវៀតណាមកើន ៤%។ ផលិតផលពីប្រទេសទាំងនេះកំពុងជំនួសទំនិញថៃកាន់តែច្រើន ទោះបីពួកគេត្រូវចំណាយថ្លៃដឹកជញ្ជូនខ្ពស់ជាងថៃក៏ដោយ។

លោក Voratat បន្តថា ផលិតផលថៃកំពុងប្រឈមគុណវិបត្តិកាន់តែខ្លាំង មិនត្រឹមតែបញ្ហាភស្តុភារប៉ុណ្ណោះទេ ថែមទាំងដោយសារ «អារម្មណ៍ប្រឆាំងថៃ» កាន់តែកើនឡើងនៅកម្ពុជា ដែលនាំឱ្យការបញ្ជាទិញទំនិញថៃធ្លាក់ចុះជាបន្តបន្ទាប់។

របាយការណ៍ពីការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មថៃ រកឃើញថា អាជីវកម្មថៃតាមបណ្ដោយព្រំដែនជាប់កម្ពុជាប្រហែល ៣០% បានបិទទ្វាររួចហើយ ដោយសារខាតបង់ធ្ងន់ធ្ងរ។ ការវិនិយោគថៃនៅកម្ពុជា ដែលប៉ាន់ស្មានថាមាន ៤-៥ប៊ីលានដុល្លារ ក៏រងផលប៉ះពាល់ធ្ងន់ដែរ។

លោក Voratat បានអំពាវនាវឱ្យរដ្ឋាភិបាលទាំងពីរបន្តការចរចាជាបន្ទាន់ ដើម្បីការពារការខូចខាតសេដ្ឋកិច្ចបន្ថែមទៀត ដោយព្រមានថា អារម្មណ៍ជាតិនិយមដែលកំពុងកើនឡើងអាចធ្វើឱ្យការសម្របសម្រួលកាន់តែពិបាក។ «នៅទីបញ្ចប់ គ្មាននរណាម្នាក់ចង់ឃើញជម្លោះអូសបន្លាយនោះទេ» លោកបានបញ្ជាក់៕

administrator

Related Articles