ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas ជំរុញថ្នាក់ដឹកនាំតំបន់អឺរ៉ុប បង្កើនផលិតកម្មវិស័យការពារជាតិឱ្យលឿនជាងមុន ស្របពេលដែលរដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុប ជួបប្រជុំគ្នានៅទីក្រុងព្រុចសែល ដើម្បីពិភាក្សាលើបញ្ហានៅអ៊ុយក្រែន សមត្ថភាពឧស្សាហកម្មសព្វាវុធ និងបញ្ហាមជ្ឈិមបូព៌ា។

លោកស្រី Kaja Kallas លើកឡើងមុនកិច្ចប្រជុំថា៖ «យើងកំពុងផ្តោតលើការច្នៃប្រឌិត និងគម្រោងរួមគ្នា ពីព្រោះយើងមានគម្រោងច្រើនពេកនៅក្នុងរដ្ឋសមាជិកផ្សេងគ្នា មិនអាចធ្វើអន្តរកម្មបាន»។
លោកស្រី សង្កត់ធ្ងន់ថា៖ «សហភាពអឺរ៉ុបត្រូវជំរុញរដ្ឋសមាជិកឱ្យឆ្ពោះទៅរកការផ្គត់ផ្គង់សព្វាវុធរួមគ្នាបន្ថែមទៀត និងការច្នៃប្រឌិតកាន់តែច្រើន ព្រោះមេរៀនពីអ៊ុយក្រែនគួរតែត្រូវបានយកមកពិចារណា»។

លោកស្រី Kallas កត់សម្គាល់ថា៖ «ទិន្នផលឧស្សាហកម្មវិស័យការពារជាតិនៅតែជាកង្វល់មួយ ទោះបីជាមានមូលនិធិក៏ដោយ។ ប្រទេសនានាមានមូលនិធិច្រើន ប៉ុន្តែឧស្សាហកម្មការពារជាតិមិនទាន់បង្កើនផលិតកម្មរបស់ខ្លួនទេ»។
ដោយឡែកនៅមជ្ឈិមបូព៌ាវិញ លោកស្រីថា រដ្ឋមន្ត្រីនឹងពិភាក្សាពីប្រតិបត្តិការសន្តិសុខដែនសមុទ្រ និងលីបង់ ដោយមានចំណាប់អារម្មណ៍ពីសមាជិកក្នុងបេសកកម្មថ្មីគាំទ្រកងកម្លាំងប្រដាប់អាវុធលីបង់។ លោកស្រីបញ្ជាក់ថា រចនាសម្ព័ន្ធសម្រាប់បេសកកម្មនេះមានរួចហើយ តែតម្រូវឱ្យមានកិច្ចព្រមព្រៀងនយោបាយបន្ថែមទៀតពីរដ្ឋជាសមាជិក៕
