ស្របពេលកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់កំពុងជាប់គាំង និងលេចចេញសញ្ញានៃការផ្ទុះសង្គ្រាមជាថ្មីនោះ ពេលនេះទីក្រុងវ៉ាស៊ីនតោនបានចេញសេចក្តីប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់ទៅ ១៥លានដុល្លារអាមេរិកឲ្យអ្នកដែលផ្តល់ព័ត៌មានឈានដល់ការកាត់ផ្តាច់ប្រភពចំណូលរបស់កងឆ្មាំបដិវត្តឥស្លាម (IRGC)។

ជាការដាក់សម្ពាធមិនដកដៃលើអ៊ីរ៉ង់, ក្រសួងការបរទេសអាមេរិកបានដាក់គោលដៅសំខាន់បំផ្លាញប្រភពចំណូលរបស់អង្គភាព IRGC, កងកម្លាំង Qods, សាខារបស់ពួកគេ ជាពិសេសរួមទាំងក្រុមហ៊ុន ឬបុគ្គលទាំងឡាយណាដែលផ្តល់ប្រាក់ ឬជួយ IRGC ឲ្យគេចផុតពីទណ្ឌកម្ម ឬស្ថាប័នហិរញ្ញវត្ថុដែលធ្វើអាជីវកម្មជាមួយពួកគេផងដែរ។
តាមការផ្សាយរបស់ CNN នៅថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ប្រាក់នេះត្រូវបានផ្តល់ជូនតាមរយៈកម្មវិធី «រង្វាន់សម្រាប់យុត្តិធម៌» របស់ក្រសួង ដើម្បីសង្កត់សេដ្ឋកិច្ចអ៊ីរ៉ង់មិនឲ្យរើរួច និងដាក់សម្ពាធឲ្យទីក្រុងតេហេរ៉ង់ចូលមកកាន់តុចរចា ឈានដល់ការចុះកិច្ចព្រមព្រៀងសន្តិភាព។
សូមជម្រាបថា «រង្វាន់សម្រាប់យុត្តិធម៌» គឺជាកម្មវិធីផ្តល់ប្រាក់រង្វាន់ឈានមុខគេរបស់ក្រសួងការបរទេសអាមេរិក ដែលគ្រប់គ្រងដោយសេវាសន្តិសុខការទូត (Diplomatic Security Service)។
កម្មវិធីនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៤ ក្នុងគោលបំណងប្រមូលព័ត៌មានដើម្បីបង្ការអំពើភេរវកម្មអន្តរជាតិ, ចាប់ខ្លួនមេដឹកនាំភេរវករ, រំខានដល់បណ្តាញហិរញ្ញវត្ថុរបស់ក្រុមភេរវករ ឬរដ្ឋដែលគាំទ្រភេរវកម្ម, ទប់ស្កាត់ការជ្រៀតជ្រែកការបោះឆ្នោត និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតពីសំណាក់រដ្ឋបរទេស។
សម្រាប់ចំនួនទឹកប្រាក់ដែលផ្តល់ឲ្យគឺវាអាស្រ័យលើទម្ងន់នៃព័ត៌មាន និងកម្រិតគ្រោះថ្នាក់នៃមុខសញ្ញា។ ឧទាហរណ៍៖ ៥លានដុល្លារ សម្រាប់ព័ត៌មានទាក់ទងនឹងសកម្មភាពភេរវកម្មទូទៅ, ១០-១៥លានដុល្លារ សម្រាប់មេដឹកនាំកំពូលៗ ឬការរំខានដល់ប្រព័ន្ធហិរញ្ញវត្ថុធំៗ និង ២៥លានដុល្លារ សម្រាប់មុខសញ្ញាគ្រោះថ្នាក់បំផុត។
ចាប់តាំងពីបង្កើតមក កម្មវិធីនេះបានទូទាត់ប្រាក់រង្វាន់ជាង ២៥០លានដុល្លារហើយទៅឲ្យមនុស្ស ១២៥នាក់នៅជុំវិញពិភពលោក៕
