ជំនួបកំពូលត្រាំ-ស៊ី៖ រឿងតៃវ៉ាន់ជាបញ្ហាឈានមុខគេ តែមេដឹកនាំមិនព្រមឱ្យផ្ទុះសង្គ្រាម

ជំនួបកំពូលត្រាំ-ស៊ី៖ រឿងតៃវ៉ាន់ជាបញ្ហាឈានមុខគេ តែមេដឹកនាំមិនព្រមឱ្យផ្ទុះសង្គ្រាម

ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងលើកយកបញ្ហាក្ដៅគគុក ស្ដីពីការលក់អាវុធរបស់អាមេរិកឱ្យកោះតៃវ៉ាន់ ទៅពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងជំនួបនៅទីក្រុងប៉េកាំងសប្ដាហ៍នេះ។

រូបថតប្រធានាធិបតីត្រាំនិងលោកស៊ីជិនពីង

តាមសារព័ត៌មាន Al Jazeera ចុះផ្សាយថ្ងៃទី១២ ខែឧសភា លោក ត្រាំ បានបង្ហាញក្ដីសង្ឃឹមថា ជម្លោះរវាងអាមេរិក និងចិនជុំវិញកោះតៃវ៉ាន់ នឹងមិនផ្ទុះឡើងក្នុងពេលឆាប់ៗនេះទេ។ លោកបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា លោកដឹងច្បាស់ថា លោក ស៊ី ជិនពីង មិនចង់ឱ្យមានការលក់អាវុធនេះឡើយ ប៉ុន្តែនេះគ្រាន់តែជាចំណុចមួយក្នុងចំណោមរឿងសំខាន់ៗជាច្រើនដែលត្រូវពិភាក្សា។

តាមការគ្រោងទុក លោក ត្រាំ នឹងទៅដល់ទីក្រុងប៉េកាំងនៅថ្ងៃពុធ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសចិនក្នុងរយៈពេល ៩ឆ្នាំមកនេះ ដើម្បីត្រៀមចរចានៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។ ជាយូរមកហើយ ការដែលអាមេរិកផ្គត់ផ្គង់អាវុធដល់តៃវ៉ាន់ តែងតែធ្វើឱ្យចិនខឹងសម្បាយ៉ាងខ្លាំង ព្រោះចិនចាត់ទុកតៃវ៉ាន់ជាផ្នែកមួយមិនអាចខ្វះបាននៃទឹកដីខ្លួន។

គួរបញ្ជាក់ថា កាលពីខែធ្នូ លោក ត្រាំ បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល ដោយប្រកាសលក់កញ្ចប់អាវុធក្នុងតម្លៃជាង ១១ពាន់លានដុល្លារឱ្យតៃវ៉ាន់ ដែលជាចំនួនច្រើងបំផុតមិនធ្លាប់មាន។ ចិនបានឆ្លើយតបវិញភ្លាមៗ ដោយធ្វើសមយុទ្ធយោធាព័ទ្ធជុំវិញកោះតៃវ៉ាន់ ដើម្បីជាការព្រមាន។

យ៉ាងណាក្ដី លោក ត្រាំ បានសង្កត់ធ្ងន់ថា លោកមិនបារម្ភពីរឿងផ្ទុះសង្គ្រាមទេ ព្រោះលោកមានទំនាក់ទំនងល្អជាមួយលោក ស៊ី ជិនពីង ហើយលោកជឿថាមេដឹកនាំចិនដឹងច្បាស់ថា លោកមិនចង់ឱ្យមានរឿងអាក្រក់កើតឡើងរវាងប្រជាជាតិទាំងពីរនោះឡើយ។

administrator

Related Articles