ព្យុះភ្លៀងថ្មីវាយប្រហារថៃសារជាថ្មី ក្រោយព្យុះចាស់បំផ្លាញដំបូលផ្ទះនិងរថយន្តរាប់សិបគ្រឿង

ព្យុះភ្លៀងថ្មីវាយប្រហារថៃសារជាថ្មី ក្រោយព្យុះចាស់បំផ្លាញដំបូលផ្ទះនិងរថយន្តរាប់សិបគ្រឿង

ព្យុះភ្លៀងដ៏ខ្លាំងក្លាមួយទៀតកំពុងបោះពួយឆ្ពោះទៅកាន់ប្រទេសថៃ ដែលនឹងបោកបក់លើប្រទេសនេះចាប់ពីថ្ងៃព្រហស្បតិ៍រហូតដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ ខណៈព្យុះចាស់ទើបតែបង្កការបំផ្លិចបំផ្លាញយ៉ាងដំណំ ជាពិសេសនៅក្នុងខេត្ត Ubon Ratchathani ។

រូបភាពព្យុះភ្លៀងក្នុងប្រទេសថៃ

យោងតាមសេចក្តីប្រកាសរបស់នាយកដ្ឋានឧតុនិយមថៃ ដែលដកស្រង់ដោយសារព័ត៌មាន Bangkok Post ផ្សាយនៅថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ ព្យុះភ្លៀងដ៏ខ្លាំងនេះ នឹងវាយប្រហារនៅតំបន់ប៉ែកខាងជើង កណ្តាល ខាងកើត និងខាងត្បូងនៃប្រទេសថៃ។

រូបភាពផលប៉ះពាល់ព្យុះ

ដោយសារភាពធ្ងន់ធ្ងរ ព្យុះនេះនឹងបង្កឲ្យមានជំនន់ទឹកភ្លៀង និងបំណាក់ដី ជាពិសេសនៅតាមតំបន់វាលទំនាប និងសហគមន៍នៅតាមជួរភ្នំ។ បាតុភូតនេះបណ្តាលមកពីប្រព័ន្ធសម្ពាធទាប ដែលនឹងធ្វើដំណើរទៅកាន់ភាគខាងលើនៃឈូងសមុទ្របេងហ្គាល់ ខណៈខ្យល់មូសុងនិរតីនឹងមានឥទ្ធិពលខ្លាំងជាងមុនមកលើសមុទ្រអាដាម៉ាន់ និងឈូងសមុទ្រថៃ។

មុនពេលព្យុះថ្មីមកដល់ ព្យុះចាស់បានវាយប្រហារពេញទំហឹងចំខេត្ត Ubon Ratchathani ដោយបោកបំប៉ើងដំបូលចំណតរថយន្តបាក់សង្កត់រថយន្តចំនួន១៣គ្រឿង បណ្តាលឲ្យខូចខាតយ៉ាងដំណំ។ លើសពីនេះ ព្យុះក៏បោកបក់មកលើតំបន់ផ្សារ Charoensri បង្កការដួលរលំដើមឈើធំៗជាច្រើនដើម និងបាក់ផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មនៅក្បែរនោះផងដែរ។

ទោះជាយ៉ាងណា បើតាមការផ្សាយរបស់ Amarin មិនមានរបាយការណ៍អំពីមនុស្សស្លាប់ ឬរបួសនោះទេ។ ទន្ទឹមនឹងនេះ ខេត្តចំនួន២៩ នៅទូទាំងប្រទេសថៃបានដាក់ឲ្យប្រុងជើងការខ្ពស់ ដើម្បីទប់ទល់ជាមួយជំនន់រហ័ស និងបំណាក់ដី ព្រមទាំងត្រៀមជម្លៀសប្រជាជនជាបន្ទាន់ផងដែរ។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles