កាលពីថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ រដ្ឋសភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធា ដែលមាន៨ជំពូក និង២០មាត្រា។ តែតើអ្នកដឹងទេថា នៅលើពិភពលោកមានប្រទេសណាខ្លះដាក់ទោសធ្ងន់ធ្ងរជាងគេចំពោះអ្នកគេចវេះកាតព្វកិច្ចយោធា?

ចម្លើយគឺ **កូរ៉េខាងជើង!** ប្រទេសនេះមានកម្មវិធីកាតព្វកិច្ចយោធាចាប់បង្ខំដែលយូរបំផុតនៅលើពិភពលោក។ ក្រោមគោលនយោបាយ សុងហ្គុន (យោធាជាចម្បង) រដ្ឋបានប្រើប្រព័ន្ធកែនទ័ពដើម្បីរក្សាកម្លាំងទ័ពសកម្មចន្លោះពី ១.២ ដល់ ១.៣ លាននាក់ ស្មើនឹងជិត ៥% នៃប្រជាជនសរុប។
ពលរដ្ឋត្រូវចុះឈ្មោះក្នុងបញ្ជីកែនទ័ពនៅអាយុ ១៤ឆ្នាំ ហើយចាប់ផ្ដើមបម្រើការភ្លាមៗក្រោយបញ្ចប់វិទ្យាល័យនៅអាយុ ១៧ ឬ ១៨ឆ្នាំ។ បុរសត្រូវបម្រើការរហូតដល់ ១០ឆ្នាំ ចំណែកអ្នកនៅអង្គភាពយុទ្ធសាស្ត្រពិសេសអាចបម្រើរហូតដល់ ១៣ឆ្នាំ។ ស្ត្រីត្រូវបម្រើការចន្លោះពី ៥ ទៅ ៧ឆ្នាំ។

ការគេចវេះពីកាតព្វកិច្ចយោធានៅកូរ៉េខាងជើង មិនមែនគ្រាន់តែជាការល្មើសច្បាប់ធម្មតានោះទេ ប៉ុន្តែវាត្រូវបានចាត់ទុកជា «អំពើក្បត់ជាតិ» ឬ «បទល្មើសប្រឆាំងនឹងរដ្ឋ»។
យោងតាមគេហទំព័រ Global North Korea អ្នកដែលព្យាយាមគេចវេះក្នុងគ្រាសន្តិភាព ត្រូវជាប់ពន្ធនាគារពី ១ ដល់ ៥ ឆ្នាំ ហើយត្រូវបញ្ជូនទៅជំរំអប់រំកែប្រែ Kyo-hwa-so ដើម្បីធ្វើការងារធ្ងន់ៗបំផុត។ ករណីធ្ងន់ធ្ងរ ពួកគេអាចត្រូវប្រហារជីវិតតែម្តង។
លើសពីនេះ អ្នកគេចវេះនឹងធ្វើឲ្យវណ្ណៈសង្គមគ្រួសារធ្លាក់ចុះដល់បាត បណ្តាលឲ្យសមាជិកគ្រួសារមិនអាចរៀនសកលវិទ្យាល័យ ឬធ្វើការងារល្អៗបាន។ ក្នុងករណីខ្លះ បើកូនរត់គេចខ្លួនបាត់ ឪពុកម្តាយអាចនឹងត្រូវជាប់ពន្ធនាគារជំនួស ឬត្រូវបញ្ជូនទៅរស់នៅតំបន់ដាច់ស្រយាល និងតោកយ៉ាកបំផុត។
អត្ថបទ៖ សុខ សុវណ្ណ
