លោក ត្រាំ ផ្តោតតែលើការបញ្ចប់នុយក្លេអ៊ែរអ៊ីរ៉ង់ មិនខ្វល់ពីសេដ្ឋកិច្ចប្រជាជន

លោក ត្រាំ ផ្តោតតែលើការបញ្ចប់នុយក្លេអ៊ែរអ៊ីរ៉ង់ មិនខ្វល់ពីសេដ្ឋកិច្ចប្រជាជន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសយ៉ាងច្បាស់ថា លោកនឹងមិនយកការលំបាកផ្នែកហិរញ្ញវត្ថុរបស់ប្រជាជនអាមេរិកមកពិចារណាឡើយ ក្នុងការសម្រេចចិត្តឈានទៅបញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ

កាលពីថ្ងៃអង្គារ ទី១២ ខែឧសភា លោក ត្រាំ បានថ្លែងប្រាប់អ្នកកាសែតមុនពេលចាកចេញពីសេតវិមានទៅកាន់ប្រទេសចិនថា៖ «រឿងដ៏សំខាន់តែមួយគត់ដែលជំរុញចិត្តខ្ញុំ នោះគឺយើងមិនអាចបណ្ដោយឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរឡើយ»។

លោកបានសង្កត់ធ្ងន់ថា ការរារាំងទីក្រុងតេហេរ៉ង់មិនឲ្យទទួលបានអាវុធនុយក្លេអ៊ែរ គឺជាអាទិភាពខ្ពស់បំផុត ដោយលោកមិនបានយកស្ថានភាពហិរញ្ញវត្ថុរបស់ប្រជាជនអាមេរិក ឬកត្តាផ្សេងទៀតមកពិចារណាឡើយ។ លោក ត្រាំ បានពិពណ៌នាអំពីបញ្ហានេះថា ជាបញ្ហាសន្តិសុខជាតិ និងសកលលោក ដែលក្តីបារម្ភផ្នែកសេដ្ឋកិច្ចគ្រាន់តែជារឿងបន្ទាប់បន្សំប៉ុណ្ណោះ។

ការថ្លែងរបស់លោក ត្រាំ ត្រូវបានគេមើលឃើញថានឹងធ្វើឲ្យមានការរិះគន់កាន់តែខ្លាំង ក្នុងបរិបទដែលតម្លៃជីវភាពរស់នៅនៅតែជាបញ្ហាប្រឈមធំ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកាខាងមុខ។

ទោះជាយ៉ាងណា នាយកផ្នែកទំនាក់ទំនងសេតវិមាន លោក Steven Cheung បានពន្យល់ថា ការទទួលខុសត្រូវដ៏ខ្ពស់បំផុតរបស់លោក ត្រាំ គឺការធានាសុវត្ថិភាព និងសន្តិសុខរបស់ប្រជាជនអាមេរិក។ លោកសង្កត់ធ្ងន់ថា ប្រសិនបើអាមេរិកមិនចាត់វិធានការទេ នោះអ៊ីរ៉ង់អាចនឹងទទួលបានអាវុធនុយក្លេអ៊ែរ ហើយវានឹងក្លាយជាការគំរាមកំហែងដល់សហរដ្ឋអាមេរិក។

បច្ចុប្បន្ន លោក ត្រាំ កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងពីសមាជិកគណបក្សសាធារណរដ្ឋ ដែលបារម្ភថាការខូចខាតសេដ្ឋកិច្ចពីសង្រ្គាមនឹងធ្វើឲ្យគណបក្សនេះបាត់បង់ការគ្រប់គ្រងនៅក្នុងរដ្ឋសភា និងព្រឹទ្ធសភាក្នុងការបោះឆ្នោតខាងមុខ៕

administrator

Related Articles