ប្រទេសកូរ៉េខាងត្បូង បានប្រកាសផ្អាកទទួលពលករថៃ រយៈពេលមួយឆ្នាំ ព្រមទាំងដាក់ពលករមកពី ៤ ខេត្ត ចូលក្នុងបញ្ជីខ្មៅ ដោយសារតែពួកគេបានគេចវេស មិនព្រមទៅធ្វើការ និងរត់ចោលថៅកែ បណ្តាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្វាក់ផលិតកម្មរបស់សហគ្រាសកូរ៉េ។

យោងតាមសេចក្តីប្រកាសរបស់នាយកដ្ឋានការងារ ក្រោមក្រសួងការងារថៃ ដែលផ្សាយដោយ Khaosod នៅថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ពលករដែលជាប់ក្នុងបញ្ជីខ្មៅរបស់កូរ៉េខាងត្បូង គឺមកពីខេត្ត Udon Thani, Khon Kaen, Chaiyaphum និង Maha Sarakham។
កូរ៉េខាងត្បូង ក៏បានសម្រេចផ្អាកទទួលពលករតាមរដូវកាល ក្រោមទិដ្ឋាការប្រភេទ E-8 រយៈពេលមួយឆ្នាំ សម្រាប់ឆ្នាំ២០២៦នេះ បន្ទាប់ពីរកឃើញថា ពលករថៃជាច្រើនដែលត្រូវបានបញ្ជូនទៅក្រោមកម្មវិធីអនុស្សរណៈនៃការយោគយល់គ្នា (MOU) សម្រាប់ការងារកសិកម្ម និងនេសាទតាមរដូវកាល បានរត់ចោលថៅកែ មិនព្រមចូលធ្វើការ។

ទិដ្ឋាការប្រភេទ E-8 គឺជាទិដ្ឋាការការងារតាមរដូវកាល របស់ប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានរៀបចំឡើងដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម ក្នុងវិស័យកសិកម្ម និងនេសាទ។ គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២៣ និង ២០២៤ ថៃមានគោលដៅបញ្ជូនពលករឱ្យបានយ៉ាងតិច ៥,០០០ នាក់ ក្នុងមួយឆ្នាំ ក្រោមទិដ្ឋាការ E-8 នេះ។

អត្ថបទ៖ សុខ សុវណ្ណ
