នៅក្នុងជំនួបកំពូលដ៏មានសារសំខាន់នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី១៤ ខែឧសភា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្តែងសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ដោយលើកឡើងថានឹងឈានទៅរកកម្រិតដ៏ល្អប្រសើរមួយដែល «មិនធ្លាប់មានពីមុនមក»។
តាមការផ្សាយរបស់ Al Jazeera លោក ត្រាំ បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ស៊ី ជីនពីង និងបានពណ៌នាថា គណៈប្រតិភូអាមេរិកដែលរួមដំណើរជាមួយលោកលើកនេះ សុទ្ធតែជាតំណាងក្រុមហ៊ុនធំៗ និងមានសមត្ថភាពខ្ពស់បំផុតរបស់អាមេរិក។
នៅក្នុងសុន្ទរកថាបើកជំនួប លោក ត្រាំ បានផ្តល់កិត្តិយសដល់លោក ស៊ី ជីនពីង យ៉ាងខ្លាំង ដោយលោកបានហៅមេដឹកនាំចិនថាជា «មិត្តដ៏ល្អ» និងជា «មេដឹកនាំដ៏អស្ចារ្យ»។ លោកបានបញ្ជាក់ថា ប្រជាជនអាមេរិកទាំងមូលកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងលើជំនួបនេះ។
«វាពិតជាកិត្តិយសណាស់ ដែលបាននៅទីនេះជាមួយអ្នក។ វាជាកិត្តិយស ដែលបានធ្វើជាមិត្តរបស់អ្នក ហើយទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន នឹងក្លាយទៅជាទំនាក់ទំនងដ៏ល្អប្រសើរជាងពេលណាណាទាំងអស់»។ នេះជាការថ្លែងរបស់លោក ត្រាំ។
![]()
បន្ថែមពីលើនេះ លោក ត្រាំ បានបង្ហាញពីសុទិដ្ឋិនិយមចំពោះអនាគតនៃប្រទេសទាំងពីរ ដោយលើកឡើងថា «យើងនឹងមានអនាគតដ៏អស្ចារ្យជាមួយគ្នា។ ខ្ញុំមានការគោរពយ៉ាងជ្រាលជ្រៅចំពោះប្រទេសចិន និងការងារដែលអ្នកបានធ្វើ»។ ការថ្លែងរបស់លោក ត្រាំ បានសង្កត់ធ្ងន់លើចំណងមិត្តភាពដ៏ «អស្ចារ្យ» រវាងមេដឹកនាំទាំងពីរ ជាសញ្ញាណវិជ្ជមានមួយ បន្ទាប់ពីភាពតានតឹងផ្នែកពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយកន្លងមក។
