នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង ដើម្បីជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង។ ដំណើរទស្សនកិច្ចនេះជាលើកដំបូងរបស់មេដឹកនាំអាមេរិកមកជួបដៃគូប្រកួតប្រជែងយុទ្ធសាស្ត្ររបស់ខ្លួន ចាប់តាំងពីលោកត្រឡប់មកកាន់តំណែងក្នុងអាណត្តិទី២។
យោងតាម Reuters ការធ្វើដំណើរនេះកើតឡើងចំពេលលោក ត្រាំ កំពុងជួបបញ្ហាផ្ទៃក្នុងខ្លាំង ដោយសារសង្គ្រាមនៅអ៊ីរ៉ង់ធ្វើឱ្យប្រជាប្រិយភាពធ្លាក់ចុះ និងបង្កអតិផរណាធ្ងន់ធ្ងរ។ លោក ត្រាំ បាននាំក្រុមនាយកប្រតិបត្តិក្រុមហ៊ុនធំៗ រួមទាំងលោក Elon Musk និងលោក Jensen Huang ពីក្រុមហ៊ុន Nvidia ទៅជាមួយផង ដើម្បីបើកទីផ្សារចិនឱ្យកាន់តែទូលាយសម្រាប់អាជីវកម្មអាមេរិក។
បរិយាកាសជំនួបលើកនេះខុសប្លែកពីឆ្នាំ២០១៧ ដែលចិនធ្លាប់ទាក់ទាញអាមេរិកតាមរយៈការទិញទំនិញរាប់ពាន់លានដុល្លារ។ ប៉ុន្តែពេលនេះ អាមេរិកហាក់ទទួលស្គាល់ស្ថានភាពអំណាចរបស់ចិនដោយខ្លួនឯង។ មេដឹកនាំទាំងពីរមានបំណងរក្សាបទផ្អាកជម្លោះពាណិជ្ជកម្មដែលបានព្រមព្រៀងគ្នាកាលពីខែតុលា។ តាមរយៈកិច្ចព្រមព្រៀងនោះ លោក ត្រាំ បានផ្អាកការដំឡើងពន្ធលើទំនិញចិន ហើយលោក ស៊ី ក៏បានព្រមព្រៀងមិនកាត់ផ្តាច់ការផ្គត់ផ្គង់រ៉ែដ៏កម្រ ដែលជាវត្ថុធាតុដើមសម្រាប់ផលិតរថយន្តអគ្គិសនី និងអាវុធ។
ក្នុងអំឡុងពេលស្នាក់នៅប៉េកាំង លោក ត្រាំ និងលោក ស៊ី នឹងជួបគ្នាជាច្រើនលើក រាប់ចាប់ពីកិច្ចប្រជុំនៅវិមានមហាជន ការទស្សនកិច្ចនៅវិហារមេឃ រហូតដល់ពិធីលៀងសាយភោជន៍ និងអាហារថ្ងៃត្រង់នៅថ្ងៃសុក្រ។ ទោះជាយ៉ាងណា លោក ត្រាំ កំពុងស្ថិតក្នុងជំហរមិនសូវអំណោយផល ព្រោះប្រព័ន្ធតុលាការអាមេរិកបានដាក់កំហិតលើសិទ្ធិអំណាចរបស់លោកក្នុងការដំឡើងពន្ធតាមអំពើចិត្ត ខណៈគណបក្សសាធារណរដ្ឋកំពុងប្រឈមហានិភ័យបាត់បង់ការគ្រប់គ្រងសភា។
ចំណុចពិភាក្សាមានច្រើន។ អាមេរិកចង់លក់យន្តហោះ Boeing ទំនិញកសិកម្ម និងថាមពល ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម ចំណែកចិនចង់ឱ្យអាមេរិកបន្ធូរបន្ថយការរឹតត្បិតលើការនាំចេញឧបករណ៍ផលិតបន្ទះឈីប និងបច្ចេកវិទ្យាជឿនលឿន។ ក្រៅពីនេះ លោក ត្រាំ ត្រូវបានគេរំពឹងថានឹងជំរុញឱ្យចិនជួយបញ្ចុះបញ្ចូលអ៊ីរ៉ង់ឱ្យបញ្ចប់ជម្លោះជាមួយអាមេរិក ប៉ុន្តែអ្នកវិភាគសង្ស័យថា លោក ស៊ី នឹងមិនយល់ព្រម ដោយសារអ៊ីរ៉ង់មានសារៈសំខាន់សម្រាប់ចិនក្នុងនាមជាយុទ្ធសាស្ត្រទប់ទល់នឹងឥទ្ធិពលអាមេរិក។
បញ្ហាតៃវ៉ាន់ក៏ជាចំណុចក្តៅដែលលោក ស៊ី នឹងលើកយកមកជជែកយ៉ាងខ្លាំង។ ចិនបានប្រកាសជាថ្មីនូវការជំទាស់ចំពោះការលក់អាវុធរបស់អាមេរិកទៅឱ្យតៃវ៉ាន់ ជាពិសេសកញ្ចប់អាវុធតម្លៃ ១៤ពាន់លានដុល្លារ។ ទោះអ្នកវិភាគខ្លះយល់ថាលោក ត្រាំ មិនមានបៀក្នុងដៃច្រើន ក៏គេជឿជាក់ថាលោកនឹងមិនងាយចុះចាញ់តាមការចង់បានរបស់ទីក្រុងប៉េកាំងឡើយ។ ដំណើរទស្សនកិច្ចរបស់លោក ស៊ី ទៅកាន់អាមេរិកនៅចុងឆ្នាំនេះ ត្រូវបានគេរំពឹងទុកថាជាជំហានបន្ទាប់ ដើម្បីបន្តការពិភាក្សាលើបញ្ហាដែលនៅសេសសល់៕
ប្រែសម្រួល៖ ឈាង
