សហរដ្ឋអាមេរិក និងដាណឺម៉ាក កំពុងចរចាគ្នាដើម្បីបើកមូលដ្ឋានយោធាថ្មីចំនួន៣កន្លែងទៀតនៅភាគខាងត្បូងកោះគ្រីនឡែន បន្ទាប់ពីមានភាពតានតឹងពីការគំរាមកំហែងរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលធ្លាប់ចង់ដណ្តើមយកកោះនេះដោយកម្លាំងយោធា។

នេះបើយោងតាមរបាយការណ៍របស់ BBC កាលពីថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា ភាគីទាំងពីរព្យាយាមបន្ធូរបន្ថយភាពតានតឹង ព្រោះខ្លាចការគំរាមកំហែងកាន់តែខ្លាំងពីរុស្ស៊ី និងចិននៅក្នុងតំបន់អាកទិក។

សេតវិមានបានបញ្ជាក់ពីកិច្ចចរចាកម្រិតខ្ពស់ជាមួយគ្រីនឡែន និងដាណឺម៉ាក ប៉ុន្តែបដិសេធឆ្លើយលម្អិត។ មន្ត្រីសេតវិមានម្នាក់បាននិយាយថា រដ្ឋបាលត្រាំមានសុទិដ្ឋិនិយមលើការចរចា ហើយវាកំពុងដំណើរការទៅក្នុងទិសដៅត្រឹមត្រូវ។
យ៉ាងណាក្តី ដាណឺម៉ាកធ្លាប់បង្ហាញឆន្ទៈក្នុងការពិភាក្សាចង់ឱ្យមានមូលដ្ឋានយោធាអាមេរិកបន្ថែមទៀតនៅគ្រីនឡែន។ អ្នកនាំពាក្យក្រសួងការបរទេសដាណឺម៉ាកបានថ្លែងថា៖ «មានផ្លូវការទូតជាមួយសហរដ្ឋអាមេរិក។ ក្រសួងនឹងមិននិយាយលម្អិតបន្ថែមនៅពេលនេះទេ»។

មន្ត្រីអាមេរិកស្នើឱ្យមានការរៀបចំមួយដែលមូលដ្ឋានថ្មីទាំងបីនឹងត្រូវបានកំណត់ជាទឹកដីអធិបតេយ្យភាពរបស់សហរដ្ឋអាមេរិក ដោយផ្តោតសំខាន់លើការត្រួតពិនិត្យសកម្មភាពដែនសមុទ្ររបស់រុស្ស៊ី និងចិនដែលអាចកើតមាននៅក្នុងតំបន់៕
